បិទ​អគារ​កាណាឌីយ៉ាបណ្តោះអាសន្ន ក្រោយ​រកឃើញ​បុគ្គលិក​ម្នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួង​សម្រេច​ឲ្យ​បិទ​អគារ​កាណាឌីយ៉ា ដែលមាន​ទីតាំង​ជិត​ផ្លូវភ្លោះ​វត្តភ្នំ នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្នុង​រយៈពេល​ខ្លី​សិន បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់​ជនជាតិខ្មែរ ជា​បុគ្គលិក​ធនាគារ​ចិន​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។​

​លោកស្រី យក់ សម្បត្តិ បាន​ថ្លែងថា កាលពី​យប់មិញ​ក្រសួង បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ លើ​បុរស​ជនជាតិខ្មែរ​ម្នាក់ ជា​បុគ្គលិក​ធនាគារ​ចិន (Bank of China) ដែល​ការិយាល័យ​ធនាគារ​ចិន​នេះ មាន​ទីតាំង​នៅក្នុង​អគារ​កាណាឌីយ៉ា​តែម្តង ដូ​ចេះ្ន​ក្រសួង​ស្នើសុំ​បិទ​អគារ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​។ សូមបញ្ជាក់ថា បុរស​ជា​បុគ្គលិក​ធនាគារ​ចិន​ខាងលើនេះ មាន​ទីលំនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សូម​ជំរាប​ថា នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​ប្រកាស​ឲ្យ​ដឹងថា អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​រកឃើញ​វិជ្ជមាន​២​នាក់​៖

* បុរស​ជនជាតិខ្មែរ​អា​យុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ធនាគារ​ចិន (​កាណាឌីយ៉ា ផ្លូវ​មុនី​វង្ស​) ដែល​បាន​ប៉ះពាល់​ជាមួយ​ស្ត្រី​អាយុ​៣៦​ឆ្នាំ ដែល​រកឃើញ​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូបនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ វៀត រាជធានី​ភ្នំពេញ​។​

* ស្ត្រីជន​ជាតិខ្មែរ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​បុរស​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close