រុស្ស៊ី នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជូន​ប្រជាជន​របស់ខ្លួន នៅ​សប្តាហ៍​ក្រោយ​

​រុស្ស៊ី​៖ សារព័ត៌មាន RT ចុះផ្សាយ​នៅ​ថ្ងៃទី​០២ ខែធ្នូ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចេញ​បញ្ជា​ចាប់ផ្តើម​ការចាក់​វ៉ាក់សាំង COVID-19 ក្នុងចំណោម​ប្រជាជន​រុស្ស៊ី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នា​សប្តាហ៍​ក្រោយនេះ​។​

​នៅក្នុង​សន្និសីទ​វីដេអូ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ លោក ពូ​ទីន បាន​ប្រាប់​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោកស្រី Tatiana Golikova ដែល​ទទួលបន្ទុក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 របស់​រុស្ស៊ី​ថា ខ្ញុំ​បានស្នើ​អោយ​រៀបចំ​ដំណើរ​ការចាក់​សាំង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ត្រូវ​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​ក្រោយ​។ ជាការ​ឆ្លើយតប លោកស្រី​សន្យាថា នឹង​រាយការណ៍​ជូន​លោក ពូ​ទីន វិញ នៅពេល​រដ្ឋាភិបាល​បំពេញ​កិច្ចការងារ​នេះ​ចប់សព្វគ្រប់​។​

​លោក ពូ​ទីន បាន​គូស​បញ្ជាក់ទៀតថា វ៉ាក់សាំង Sputnik V ប្រមាណ​២​លាន​ដូ​ស បាន​ត្រៀម​រួចរាល់​ហើយ ឬ​នឹងត្រូវ​ផលិត​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដែល​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត និង​គ្រូ​ជនជាតិ​រុស្ស៊ី អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង​ចំនួន​២​ដូ​ស​ភ្លាមៗ​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close