នាយករដ្ឋមន្ត្រី​ថៃ បន្ត​មុខតំណែង​ដដែល បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់ សម្រេច​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់​

​ថៃ​៖ តុលាការ​ខ្ពស់បំផុត​របស់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បានសំរេច​អោយ​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា រួច​ផុតពី​ការចោទប្រកាន់​រំលោភ​ក្រមសីលធម៌ ដូច​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ ដោយ​អនុញ្ញាតអោយ​លោក​អាច​បន្ត​នៅក្នុង​មុខតំណែង​ដដែល នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​

​ការសម្រេច​ក្តី​ខាងលើនេះ បាន​កើតមានឡើង​ចំពេល​លោក ប្រា​យុទ្ធ ប្រឈម​នឹង​ការតវ៉ា​ប្រឆាំង​រាប់​ខែ​មកហើយ ពី​សំណាក់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ក្រុមនិស្សិត ដែល​ទាមទារ​អោយ​លោក​ចុះ​ចេញពី​តំណែង​ផងដែរ ដោយសារតែ​ពួកគេ​យល់ឃើញថា លោក​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល តាមរយៈ​ការបោះឆ្នោត​ដែលមាន​ការរៀបចំ​ទុក​មុន​មួយ ។​

​គួរ​បញ្ជាក់ថា តុលាការ​ធម្មនុញ្ញ​រប​ស់​ថៃ​បានសំរេច​លើ​បណ្តឹង​ប្តឹង​ដោយ​គណបក្សប្រឆាំង​ភឿ​ថៃ ដែលថា លោក ប្រា​យុទ្ធ បាន​រំលោភច្បាប់​ដោយសារតែ​បន្ត​នៅក្នុង​ផ្ទះ​យោធា​មួយ​ក្នុង​បន្ទាយ​ទាហាន ទោះជា​លោក​បាន​លាឈប់​ពី​មេបញ្ជាការ​កងទ័ព​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤​ហើយ​ក្តី ។ បណ្តឹង​ចោទប្រកាន់ថា លោក​បាន​រំលោភ​មាត្រា​ច្បាប់​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ហាម​នាយករដ្ឋមន្ត្រី​ទទួលបាន​ផលប្រយោជន៍​ពិសេស​ពី​បណ្តា​ទីភ្នាក់ងារ​រដ្ឋ ឬ ក្រុមហ៊ុន​សហគ្រាស​ដែលជា​ទំនាស់​ផលប្រយោជន៍​។ បើសិនជា​រដ្ឋមន្ត្រី​ណា​ម្នាក់ ត្រូវបាន​រកឃើញ​កំហុស ដូច្នេះ​មន្ត្រី​នោះ​នឹងត្រូវ​ដកសិទ្ធិ និង​បង្ខំ​អោយ​ចាកចេញ​ពីមុខ​តំណែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close