ចិន​ត្រៀម​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​ដល់​ពលរដ្ឋ ហើយ​បាន​បញ្ជូន​វ៉ាក់សាំង​ទៅកាន់​ឥណ្ឌូនេស៊ី​

​បើទោះបី​ចិន​បាន​គ្រប់គ្រង​ការឆ្លង​រាលដាល​កូ​វីដ​១៩ បាន​យ៉ាង​ល្អ​បំផុត​ប៉ុន្តែ​ក្រសួងសុខាភិបាល​ចិន នៅតែ​ឡើង​គម្រោង​ចាក់​បង្កា​ដល់​ពលរដ្ឋ​នៅ​តំបន់​ងាយ​រងគ្រោះ​ជាងគេ​បំផុត​។​ បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រ​ទែស​ចិន បាន​បញ្ជារ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដែល​កំពុងតែ​សាកល្បង​ដំណាក់កាល​ចុងក្រោយ ទោះ​មិនទាន់មាន​លទ្ធផល​ជា​ផ្លូវការ​ពី​ការធ្វើ​តេស្ត​ក្តី ប៉ុន្តែ​ប្រសិទ្ធភាព​យ៉ាង​ល្អ ក្រោយ​ការធ្វើ​តេស្ត​នៅ​ប្រទេស​មួយចំនួន​ដូច ឥណ្ឌូនេស៊ី​និង​ប្រេ​ស៊ី​ល ។​

​នៅពេលនេះ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដំបូង​គេ​បង្អស់​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac ។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo កាលពី​ថ្ងៃទី​៦​ខែធ្នូ​បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​ដំបូង​របស់​ចិន បាន​បញ្ជូន​ដល់​ឥណ្ឌូនេស៊ី​ហើយ ដើម្បី​ត្រៀម​ចាក់​បង្ការ​ដល់​ពល​រដ្ឋ ។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​អន​ឡាញ​ថា​ប្រទេស​របស់លោក​ទទួលបាន​វ៉ាក់សាំង ១,២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ឱសថ​ចិន Sinovac ។ វ៉ាក់សាំង​នោះ​ត្រូវបាន​ឥណ្ឌូនេស៊ី​ធ្វើតេស្ត​តាំងពី​ខែសីហា​មកម្ល៉េះ ឃើញថា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិ​ភាពល្អ​។​
​សារព័ត៌មាន​Channel News Asia (CNA) បាន​ដកស្រង់​សំដី​ប្រធានាធិបតី​Jokowi​បញ្ជាក់ថា រដ្ឋាភិបាល នឹង​ទទួលបាន​វ៉ាក់សាំង​១,៨​លាន​ដូ​ស​បន្ថែមទៀត​នៅក្នុង​ខែមករា​ឆ្នាំ​២០២១​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Sinovac បាន​សាកល្បង​ដំណាក់កាល​ចុងក្រោយ​នៅក្នុង​ប្រទេស ប្រេ​ស៊ី​និង​តួ​ក​គី​ផងដែរ ហើយ​លទ្ធផល​ពី​ការធ្វើ​តេស្ត​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នឹងត្រូវ​ប្រកាស​នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ​។​ ​ប្រធានាធិបតី ឥណ្ឌូនេស៊ី​បន្តទៀតថា នៅក្នុង​ខែធ្នូ​ឆ្នាំ​២០២០​នេះ ឥណ្ឌូនេស៊ី​នឹង​ទទួលបាន​វត្ថុ​ធា​ត​ដើម សម្រាប់​ផលិត​វ៉ាក់សាំង ១៥​លាន​ដូ​ស និង​វត្ថុធាតុដើម​សម្រាប់​ផលិត​៣០​លាន​ដូ​ស​ទៀត​នៅ​ខែមករា​ឆ្នាំ​២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close