រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ថែមទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro ខណៈ​អ្នកជំងឺ​ម្នាក់​ជាសះស្បើយ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេ​ក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ថែមទៀត ដែល​បាន​ទៅ​ហាង Zando និង Pedro ។​

អ្នក​ទាំង​២​នាក់​ដែល​ឆ្លង​កូ​វីដ​១៩ គឺ​
* ទី​១៖ បុរស​ជនជាតិខ្មែរ ឈ្មោះ ស្រៀ​ន គីម​ស្រ៊ុន អាយុ​២២​ឆ្នាំ ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ជា​និស្សិត​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ទៅ​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​លើ​សំណាក​បុរស​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

២៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ បាន​ទៅ​ហាង Pedro នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក របស់​បុគ្គល​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ចំណែក​អ្នកជា​សះស្បើយ​ម្នាក់ គឺជា​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង ឈ្មោះ ឈួ​យ សារូ អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើដំណើរ​មកពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​សម្រាប់​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​», នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០៦ ធ្នូ ចំនួន​២២៨ សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​ពី​ខេត្ត និង​រាចធានី​ភ្នំពេញ ដែល​ធ្វើតេស្ត​លើក​ទី​២ សម្រាប់ «​ព្រឹត្តិការណ៍​សហគមន៍ ២៨​ធ្នូ​» សុ​រប​មាន​ចំនួន ២៤៨៣​សំណាក់ ត្រូវបាន​ធ្វើតេស្ត​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើ​) ។ ដោយឡែក​មាននៅ​វត្ថុ​សំណាក​ចំនួន ១៦០៥​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅថ្ងៃនេះ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៣៥០​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ចំនួន​៣០៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៤៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close