គិត​ត្រឹម​ព្រឹក​នេះ​! មានទទួល​ថវិកា ១៨​លាន​ដុល្លារហើយ ដែល​សប្បុរសជន​បាន​បរិច្ចាគ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

​ភ្នំពេញ​៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក ថ្ងៃទី​៨ ធ្នូ​នេះ​ថា បន្ទាប់ពី​ខ្ញុំ បានប្រកាស​ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​មក មាន​ចលនា​គាំទ្រ​យ៉ាង​ធំធេង​ទាំង​តាមផ្លូវ​ចិត្ត និង​ទាំង​តាម​ការផ្តល់​ថវិកា​ដែល​ខ្ញុំព្រះករុណាខ្ញុំ​ចាត់ទុកថា​នេះ​ជា (​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​) បន្ទាប់ពី​ខឿន​ការពារជាតិ​របស់​ប្រជាជន​នា​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១​។

​សរុបថ​វិកា ដែល​សប្បុរសជន​ចូលរួម​រហូត​ពេលនេះ មាន​ជាង​១៨​លាន​ដុល្លារ​អាមេរិក ដែល​បញ្ជី​ឈ្មោះ​មាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ និង​បណ្តាញ​ផ្សព្វផ្សាយ​របស់ Fresh news ព្រមជាមួយ​​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងទៀត​។​

​នៅមាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែល​ចង់​ចូលរួម ប៉ុ​ន្កែ​មិនដឹងថា ចូល​នៅ​កន្លែង​ណា និង​តាមរបៀប​ណា​? ខ្ញុំ​បាន​ចាត់ចែង​តាម​ច្រក​ពីរ គឺ​៖
១.​ចូល​តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី​ដែលមាន​លេខ​ទូរ​ស័​ព្វ 012 961971​ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
២.​តាមរយះ​ធានា​គារ ABA លេខ​គណនេយ្យ (001249176) Tep Sothy ។​
​ខ្ញុំព្រះករុណាខ្ញុំ​សូម​ទូល​ប្រគេន​និង​ជំរាបជូន​ថា​ក្នុងករណី​យ​មានការ​ផ្ទេរ​តាម​ធានា​គារ​នេះ សូមកុំ​ភ្លេច​ដាក់ឈ្មោះ​និង​ទីកន្លែង​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ខ្ញុំព្រះករុណាខ្ញុំ​បានធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំឈ្មោះ​ពិតប្រាកដ​។​
​ខ្ញុំព្រះករុណា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​ព្រះសង្ឃ​និង​បងប្អូន​ជនរួមជាតិ​ក្នុង​ចលនា​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩ ដែល​ខ្ញុំព្រះករុណា​ចាត់ទុកថា​ជា (​ខឿន​ការពារ​​សុខភាព​របស់​ប្រជាជន​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close