ខេត្តព្រៃវែង ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ ក្នុង​រយៈពេល​១៥​ឆ្នាំ ចុងក្រោយ​

​ខេត្តព្រៃវែង​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ខេត្តព្រៃវែង ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ ក្នុងចំណោម​២៥​រាជធានី​/​ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល ១៥​ឆ្នាំ ចុងក្រោយ​។ ដោយឡែក​ការងារ​ដាំ​ដុះ​ស្រូវ​រដូវវស្សា នៅក្នុង​ឆ្នាំ​២០២០​នេះ ខេត្តព្រៃវែង អនុវត្តបាន​លើ​ផ្ទៃដី​ប្រមាណ ២៨០ ៣៩៩​ហ​.​ត​។

​រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​វិញ គិត​មកទល់​ថ្ងៃទី​៥ ខែធ្នូ ខេត្ត​សម្រេច​ប្រមូល​ផល​បាន​ចំនួន ២១៥ ៣៩៩​ហ​.​ត ស្មើនឹង ៧៧% នៃ​ផ្ទៃដី​សរុប និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​ប្រមាណ ៣.២៣ ត​/​ហ​.​ត ហើយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៦៩២ ៣០២​តោន​។ ក្រៅពី​ដំណាំ​ស្រូវ ក​សិ​-​ឧស្សាហកម្ម សាកវប្បកម្ម (​ផលិតកម្ម​បន្លែ​) ផលិតកម្ម​វារីវប្បកម្ម និង​ផលិតកម្ម​សត្វ (​មាន់ គោ ជ្រូក​) ក៏មាន​សក្តានុពល​ក្នុងការ​នាំចេញ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។ ទន្ទឹមនឹង​ជា​ខេត្ត​នាំមុខគេ ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម ក៏​ជា​ខេត្ត ឈាន​មុន​សម្រាប់ធ្វើ​ការនាំ​ចេញទៅ​កាន់​ប្រទេសជិតខាង​តាមផ្លូវ​គោក និង​ផ្លូវទឹក​។

​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី​៨ បាន​បង្ហាញថា គិត​ចាប់ តាំងពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ បរិមាណ​ផល​ស្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​សរុប​មាន​ចំនួន ៧១៩ ៦៩៣​តោន ដោយឡែក គ្រាន់​តែមួយ​សប្តាហ៍​កន្ល​ង​មក បរិមាណ​ស្រូវ​ចំនួន ៦៩ ៤៣៤​តោន​ត្រូវបាន​នាំ​ចេញពី​ខេត្តព្រៃវែង​ទៅកាន់​ប្រទេសជិតខាង​។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា ជា​មធ្យម​ស្រូវ​មានតម្លៃ ១ ១៥០​រ​/kg (​អាច​ថ្លៃ​ជាង ឬ​ថោក​ជាង​អាស្រ័យ​លើ​ប្រភេទ​ស្រូវ​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close