វ៉ាក់សាំង​កូ​វីដ​១៩ នឹង​ចាក់​លើ​ប្រជាជន ១០០​លាន​នាក់ នៅ​១០០​ថ្ងៃ​ដំបូង នៃ​ការចូល​កាន់តំណែង​លោក ចូ បៃ​ដិ​ន

​អាមេរិក​៖ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក ចូ បៃ​ដិ​ន បានកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាជន​ចំនួន​១០០​លាន​នាក់​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង​របស់លោក​នៅក្នុង​តំណែង និង​ការ​ជម្រុញ​អោយ​បើក​សាលារៀន​ឡើងវិញ ក៏ដូចជា​ការពង្រឹង​វិធានការ​ពាក់​ម៉ាស់ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ។​

​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូបនេះ បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋ ដេ​ឡា​វែ​ល ដែល​ក្នុងអំឡុង​ពេលនោះ លោក​បាន​ណែនាំ​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​លោក សា​វី​យើ បេ​សេ​រ៉ា ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោកស្រី រ៉ូ​ឆែ​ល វ៉ា​លែ​ន​ស្គី ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC ។ ​លោក បៃ​ដិ​ន និយាយថា ១០០​ថ្ងៃ​ដំបូង​របស់ខ្ញុំ នឹង​មិនអាច​បញ្ចប់​វីរុស​កូ​រ៉ូ​ណា​បានទេ​… ខ្ញុំ​មិនអាច​សន្យា​បានឡើយ​។​

​លោក​បន្តថា ១០០​ថ្ងៃ​ដំបូង យើង​អាច​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ជំងឺ​នេះ និង​ផ្លាស់​ប្តូរជីវិត​នៅ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​ប្រសើរ​។ លោក បៃ​ដិ​ន ក៏បាន​ព្រមាន​ដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែង​យកឈ្នះ​មេរោគ​នេះ អាច​យឺតយ៉ាវ និង​ជាប់គាំង ប្រសិនបើ​សភា​មិន​បញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី និង​រក​ថវិកា​ជាបន្ទាន់​ទេនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close