អ្នក​បាត់​ម៉ូតូ សូម​ទៅ​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​

ខេត្តសៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក​វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​កន្លងមក សូម​មក​ពិនិត្យ​រក​ម៉ូតូ​របស់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដែល​សមត្ថកិច្ច​ទើប​បង្ក្រាប និង​ដកហូត​បាន ពី​ទីតាំង​បញ្ចាំ​ក្នុង​ក្រុង ចំនួន​២០​គ្រឿង ប៉ុន្តែ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ទិញ​ម៉ូតូ​ច្បាប់ដើម​។ រីឯ​ម៉ូតូ​ដែល​ពុំទាន់​មាន​ម្ចាស់​មក​ទទួល លោក​នឹងធ្វើ​ការស្រាវជ្រាវ​រក​ម្ចាស់​បន្តទៀត​។​

​លោក​វរសេនីយ៍ទោ ដា ចំរើន បានបញ្ជាក់​ទៀតថា កន្លងមក កងកម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ អធិការនគរបាល​ក្រុង​សៀមរាប រួម​និង​ប៉ុស្តិ៍នគរបាល​សង្កាត់​ទឹក​វិល និង​នគរបាល​សង្កាត់​គោកចក បាន​ចុះបង្ក្រាប និង​ដកហូត​បាន​ម៉ូតូ​ខុស​ប្រក្រតី​ចំនួន ២០​គ្រឿង ពី​ទីតាំង​បញ្ចាំ​ស្របច្បាប់ និង​ខុសច្បាប់ ចំនួន​៣​កន្លែង ស្ថិតក្នុង​សង្កាត់​គោកចក និង​សង្កាត់​ទឹក​វិល ក្នុង​ក្រុង​សៀមរាប​។​

​ដូច្នេះ​តាមរយៈ​នេះ លោក សូម​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ​ទាំងអស់ ក្នុង​ក្រុង​សៀមរាប សូម​ពិនិត្យ លើ​ឯកសារ​កាន់កាប់​ប្រើប្រាស់ និង​អត្តសញ្ញាណ របស់​បុគ្គល​ដែល​យក​ម៉ូតូ ឬ​យានយន្ត​មក​បញ្ចាំ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ពាក់ព័ន្ធ​នឹង​បទល្មើស និង​ការចោទប្រកាន់​ពី​សមត្ថកិច្ច​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close