វឌ្ឍនភាព នៃ​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម បន្លែ​សុវត្ថិភាព នៅ​ស្រុក​ស្អាង ខេត្តកណ្តាល

​ខេត្តកណ្តាល​៖ ស្រុក​ស្អាង គឺជា​ស្រុក​មួយ ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​ទី​រួម​ខេត្តកណ្តាល ដែលមាន​១២​ឃុំ ១២០​ភូមិ ប្រជាជន​សរុប​ចំនួន ២១៩ ៨៣០​នាក់ ១១២ ២៣៣​ជា​ស្ត្រី មាន​ប្រជាជន ៥៣,៤% ប្រកប​របរ​ដាំ​ដុះ​ដំណាំ​សាកវប្បកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម និង​មាន​របរ​ក្រៅពី​កសិកម្ម​ប្រមាណ ៤៦,៦% ដូចជា​សិប្បកម្ម សេវាកម្ម រោងចក្រ​។

​ស្រុក​ស្អាង មាន​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ ១៧ ១៥០​ហិកតា ក្នុងនោះ​ដំណាំ​ស្រូវ ១០ ៤៥០​ហិកតា​, ដំណាំ​បន្លែ ៥ ២០០​ហិកតា និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​។ នៅក្នុង​ឆ្នាំ​២០១៦ ផ្ទៃដី​ដាំ​ដំណាំ​បន្លែ​នៅក្នុង​ស្រុក​ស្អាង មាន​ចំនួន​ប្រមាណ ៤៦០០ ហិកតា ទទួលបាន​បរិមាណ​ផល​ចំនួន ២៨ ៣៥៩​តោន ក្នុង​មួយឆ្នាំ​។

​ដោយមាន​ការគាំទ្រ​យ៉ាង ពេញទំហឹង ពី​ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍ​ន៏ នានា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល ក្រោម​យកចិត្តទុកដាក់ និង ចង្អុលបង្ហាញ ពីឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​តាមរយៈ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង (BFP) ពី​ឆ្នាំ​២០១៧ ដល់​២០១៩ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) និង​គម្រោង​ផ្សេងៗ​ទៀត ដោយ​ផ្តោត​សំខាន់​លើ​ជំរុញ​កំណើន​ផលិតកម្ម​បន្លែ​នៅ​តំបន់​ដែលមាន​សក្តានុពល ផ្សារភ្ជាប់​ទៅនឹង​ទីផ្សារ​។

​ក្រុមការងារ​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើតជា​ក្រុម​ឬ​បណ្តុំ​អាជីវកម្ម ផលិត​បន្លែ​សុវត្ថិភាព ដោយ​បញ្ចូល​បច្ចេកទេស​ថ្មីៗ​ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ផ្សារភ្ជាប់​ជាមួយ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ឈានទៅដល់​ការចុះកិច្ចសន្យា​រវាង​អ្នក​ផលិត អ្នកផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​ឈ្មួញ ឬ​ក្រុមហ៊ុន​ប្រមូល​ទិញ​ផលិតផល​បន្លែ​របស់​ពួកគាត់ តាមរយៈ​នៃ​ការអនុវត្តន៍​គោ​លន​យោ​បាល​នៃ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។

​កត្តា​ទាំងនេះហើយ បានធ្វើអោយ​ផលិតកម្ម​បន្លែ​នៅក្នុង​ស្រុក​ស្អាង មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស​នៅក្នុង​ឆ្នាំ​២០២០ នេះ​ស្រុក​ស្អាង ការផលិត​បន្លែ មាន​និន្នាការ​កើនឡើង ៥ ១៦៩​ហិកតា ហើយ​ទទួលបាន​បរិមាណ​ផល​ចំនួន​ប្រមាណ​ជា ៤២ ១៧៦​តោន ក្នុង​មួយឆ្នាំ ស្មើនឹង ១១៥,៥៥​តោន​/​ថ្ងៃ ដោយមាន​កិច្ចសន្យា​ប្រមូល​ទិញ និង​ផ្តល់​ធាតុ​ចូល ចំនួន ៣០​កិច្ចសន្យា តាមរយះ ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ (NAV) ក្រុមហ៊ុន​មាស​បៃតង​, ក្រុមហ៊ុន​ស៊ី ជេ​(CJ), ក្រុមហ៊ុន​អ៊ី អេ ស៊ី​(EAC), ក្រុមហ៊ុន​ស្ពៃ​រំដេង​, ក្រុមហ៊ុន​សួន​ធម្មជាតិ​(NG), ក្រុមហ៊ុន​ប៉ៃ​តង​ស្រស់​, ក្រុមហ៊ុន​ក្នុងស្រុក និង ក្រុមហ៊ុន​ផ្តល់​ធាតុ​ចូល​កសិកម្ម មួយចំនួនទៀត​។​

​បច្ចុប្បន្ន នៅក្នុង​ស្រុក​ស្អាង​មាន​សហគមន៍​កសិកម្ម​ចំនួន​១២ បណ្តុំ​អាជីវកម្ម​ចំនួន ៣៥​បណ្តុំ ក្នុងនោះ​មាន​សហគមន៍​ចំនួន​៥ និង​បណ្តុំ​អាជីវកម្ម​ចំនួន​១៨ បណ្តុំ​កំពុងធ្វើការ​ងារ​ពាក់​ព​ន្ធ័​ទៅ​ផលិតកម្ម​បន្លែ សុ​វ​តិ​ភាព ( GAP និង​បន្លែ​សរីរាង្គ ស្តង់ដា PGS )​។

​ក្រុមហ៊ុន ដែល​បាន​សហការ ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល ជាមួយ​សហគមន៍ បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព ដោយបាន​យក​ផលិតផល​ធ្វើតេស្ត នៅ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​សុវត្ថិភាព រួមមាន​ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ (NAV) ,​ក្រុមហ៊ុន​មាស​បៃតង​, ក្រុមហ៊ុន​ស៊ី ជេ​(CJ), ក្រុមហ៊ុន​អ៊ី អេ ស៊ី​(EAC), ក្រុមហ៊ុន​ស្ពៃ​រំដេង​, ក្រុមហ៊ុន​សួន​ធម្មជាតិ​(NG), ក្រុមហ៊ុន​ដាវ​ណ្ណ​, ក្រុមហ៊ុន REMEC ក្រុមហ៊ុន​ប៉ៃ​តង​ស្រស់​,​ផ្សារ UrBIO .. .​។ បន្លែ​ដែល​ចេញពី​ស្រុក​ស្អាង ត្រូវបាន​នាំចូល​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ផ្សារ​ទំនើប និង​ហាង​លក់​បន្លែ​នានា ផ្សារ​ចុង​សប្តាហ៍​ក្រុង​តាខ្មៅ និង​នាំ​ចេញទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close