មេដឹកនាំ​អ៊ីស្រាអែល នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ មុនគេ

អ៊ីស្រាអែល​៖ អ៊ីស្រាអែល នៅ​ថ្ងៃ​ពុធ​នេះ បានទទួល​វ៉ាក់សាំង Covid-19 ក្រុម​ដំបូង​មកពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Pfizer ដោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ប៊ិន​ចា​មីន ណឺ​តាន់​យ៉ា​ហ៊ូ បាន​បញ្ជាក់ថា ទីបញ្ចប់​នៃ​វីរុស​ឆ្លង​នេះ​កំពុង​លេចឡើង​លឹមៗ ហើយ​លោក​អះអាងថា នឹង​ចាក់​វា​មុនគេ នេះ​បើតាម​សារព័ត៌មាន AFP នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ​បន្ថែមទៀតថា នេះ​ជាការ​អបអរ​ធំ​មួយ​សំរាប់​អ៊ីស្រាអែល​… ទី​អវសាន​នៃ​មេរោគ​នេះ កំពុង​លេចចេញ​ជា​ពន្លឺ​ហើយ​… អ្វីដែល​សំខាន់​ចំពោះ​ខ្ញុំ គឺថា ពលរដ្ឋ​អ៊ីស្រាអែល​នឹង​ទទួលបាន​វ៉ាក់សាំង តែ​ខ្ញុំ​ចង់​ធ្វើជា​គំរូ ដោយ​ចាក់​វា​មុនគេ​នៅក្នុង​រដ្ឋ​អ៊ីស្រាអែល​។​

​គួរ​បញ្ជាក់ថា ទំនិញ​ដែល​ដឹកនាំ​តាម​យន្តហោះ​មកកាន់​អ៊ីស្រាអែល នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​៨​លាន​ដូ​ស​ដែល​អ៊ីស្រាអែល​ទិញ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់ Pfizer BioNTech ។ តាមពិត​វ៉ាក់សាំង Pfizer នៅ​មិនទាន់​ទទួលបាន​ការយល់ព្រម​អោយប្រើ​ពី​សំណាក់​និយ័ត​ករ​អ៊ីស្រាអែល​នៅឡើយ​ទេ តែ​លោក ណឺ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា រូបលោក​ផ្ទាល់​រំពឹងថា នឹង​បានការ​អនុញ្ញាត​អោយប្រើ​ជា​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខនេះ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close