៣​ថ្ងៃ​ហើយ​! អត់​មាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ខណៈ​អ្នកជា​សះស្បើយ​មាន ២​នាក់

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ដោយ​បញ្ជាក់ថា គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​ក្រសួងសុខាភិបាល មិនបាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ជាប់​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​នេះ ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន​៤០​នាក់ ក្នុងនោះ​ស្រី​១៩​នាក់​។​

​សម្រាប់​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» វិញ គឺ​វត្ថុ​សំណាក​នៅសល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៥៩៤៨​សំណាក និង​វត្ថុ​សំណាក​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៨១៤​សំណាក សរុប​ចំនួន ៦.៧៦២​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​ចំនួន​៣.៤៣៨​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ គឺ​លទ្ធ​ផ​អវិជ្ជមាន​ទាំងអស់ ហើយ​នៅសល់​វត្ថុ​សំណាក​ចំនួន ៣.៣២៤​សំណាក​ទៀត នឹងត្រូវ​ធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​ដោយឡែក​នៅថ្ងៃនេះ​ដែរ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​០២​នាក់ ដែល​មិន​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» បាន​ព្យាបាល​ជាសះស្បើយ ក្នុងនោះ ៖ ១. ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ចិន តាម​ជើងហោះហើរ​មកដល់​កម្ពុ​ជា​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង ២. បុរស​ជនជាតិខ្មែរ​-​អាមេរិក អាយុ ៤៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ហើយ​អ្នក​ទាំងពីរ​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ឆ្លាក់​អង្រែ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣៥៩​នាក់ មាន​ស្រី​ចំនួន ៨៤​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៥០​នាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close