ទិន្នផល​ស្រូវវស្សា​ឆ្នាំនេះ កម្ពុជានឹង​ទទួលបាន​ប្រមាណ ៨,៥៩​លាន​តោន

ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ព្យាករណ៍​បឋម​នៃ​ទិន្នផល​ផល​ស្រូវវស្សា​ឆ្នាំ ២០២០​នេះ នឹង​អាច​ទទួលបាន​ក្នុង​ប្រមាណ ៨,៥៩​លាន​តោន បាន​កើនឡើង​ប្រមាណ ៤​ភាគរយ បើ​ធៀប​នឹង​កាលពី​ឆ្នាំមុន ដែល​ទទួលបាន​ប្រមាណ ៨,២៦​លាន​តោន​។​

​លទ្ធផល​នេះ ត្រូវបាន​ក្រសួងកសិកម្ម​កំណត់​ទិន្នផល​ស្រូវវស្សា​ជា​មធ្យម​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ៣១២២​គីឡូក្រាម ក្នុង​មួយ​ហិកតា ច្រើនជាង ឆ្នាំ​២០១៩ ដែល​ទទួលបាន​ចំនួន ៣០៩៥​គីឡូក្រាម ក្នុង​មួយ​ហិកតា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​បានបង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី ៧​ខែធ្នូ ឆ្នាំ ២០២០​នេះ នៅ​ទូទាំងប្រទេស​ការប្រមូល​ផល​ស្រូវវស្សា​សម្រេចបាន ជាង ១,៧៨​លាន​ហិកតា ស្មើនឹង ៦៤,១០% ដែល​ទទួលបាន​បរិមាណ​ផល​សរុប ៥,៦៥​លាន​តោន​។​

​របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា ខេត្ត​ដែល​សម្រេចបាន​ចាប់ពី ៩០% ឡើង​មាន ខេត្តកោះកុង ក្រចេះ រតនគីរី និង​ខេត្ត​ស្ទឹង ត្រែង​។ ចំណែក​ខេត្ត​ដែល​សម្រេចបាន​ចាប់ពី ៧០% ទៅ ៨០% មាន ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​ខេត្ត​ដែល​សម្រេចបាន​ចាប់ពី ៥០% ទៅ ៦០% មាន ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌល​គី​រី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។​ដោយឡែក​ខេត្ត​ដែល​សម្រេចបាន​ក្រោម ៥០% មាន ខេត្តបាត់ដំបង កំពង់ស្ពឺ និង​ខេត្តកំពង់ធំ និង​ខេត្ត​ព្រះសីហនុ​សកម្មភាព​ប្រមូល​ផល​ស្រូវវស្សា​ទើបតែ​សម្រេចបាន​ជាង ២០% ប៉ុណ្ណោះ​។​

​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម កាលពី​ឆ្នាំមុន កម្ពុជា ប្រមូល​ផល​ស្រូវ​ទាំង​រដូវវស្សា និង​ប្រាំង បាន​ប្រមាណ ១០,៨​លាន​តោន និង​នៅសល់​ស្រូវ​ប្រមាណ ៥,៧៦​លាន​តោន​សម្រាប់​កែច្នៃ​ជា​អង្ករ​នាំចេញ​។ ប៉ុន្តែ​ដោយ​បញ្ហា​កង្វះ​លទ្ធភាព​ក្នុងការ​នាំចេញ​ជា​អង្ករ កម្ពុជា បាន​នាំចេញ​ស្រូវ​ប្រមាណ ២​លាន​តោន ទៅកាន់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ ២០១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close