ប្រទេស​ជាច្រើន ចាប់ផ្តើម​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ជាបន្ទាន់​

​បន្ទាប់ពី រុស្ស៊ី អង់គ្លេស កាណាដា អាមេរិក​… ពេលនេះ​ប្រទេស គូ​វែ​ត ក៏បាន​អនុម័ត​ឲ្យ​ប្រើ​ជាបន្ទាន់ នូវ​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​Pfizer-BioNtech ។ កន្លង​ក ខណៈ​ប្រទេស​អារ៉ាប់​រួម និង​បា​រ៉ែ​ន​ក៏បាន អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinopharm ផងដែរ​។​

​នៅ​ថ្ងៃទី​១៣​ខែធ្នូ ក្រសួងសុខាភិបាល​នៃ​ប្រទេស​គូ​វ៉ែត សម្រេច​អនុម័ត​ឲ្យ​ប្រើ​ជាបន្ទាន់ នូវ​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Pfizer-BioNtech ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​គូ​វ៉ែត KUNA បានប្រកាសថា នៅ​ថ្ងៃ​១៣​ខែធ្នូ​ថា ក្រសួងសុខាភិបាល​នៃ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់ នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer​។ ក្រសួង​បានផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ចុះឈ្មោះ​ជាមុន ដើម្បី​ទទួល​វ៉ាក់សាំង នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​ប្រទេស​ឈូង​សមុទ្រ​អារ៉ាប់​ពីរ​ទៀត គឺ​ប្រទេស​អារ៉ាប់​រួម និង​បា​រ៉ែ​ន បាន​ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់ វ៉ាក់សាំង​ប្រឆាំង COVID-19 របស់​ក្រុមហ៊ុន​ចិន Sinopharm ផងដែរ​។ ហើយ​ការសម្រេច​ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នេះ ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​នៃ​ការ​តេស្ត​ដំណាក់កាល​ចុងក្រោយ លើ​វ៉ាក់សាំង​មួយ​នេះ បាន​បង្ហាញថា មាន​ប្រសិទ្ធភាព​រហូតដល់ ៨៦%​។​
​ចំណែក​នៅ​អាមេរិក​វិញ រថយន្ត​កុងតឺន័រ ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Pfizer/BioNTech ចាប់ផ្តើម​ដឹក​ចេញពី​រោងចក្រ​ផលិត នៅ​រដ្ឋ Michigan ហើយ ដើម្បី​ចែកចាយ​ទៅកាន់​រដ្ឋ​ផ្សេងៗ​។​

​ក្នុងដំណាក់កាល​ដំបូង វ៉ាក់សាំង​ចំនួន ៣​លាន​ដូ​ស ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​ចែកចាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់ នៅឡើយ​ទេ​ថា​តើន​រណា​នឹង​ទទួល​ការចាក់​វ៉ាក់សាំង​មុនគេ ខណៈ​បុគ្គលិក​សុខាភិបាល​, អ្នក​នៅ​ជួរមុខ​ប្រយុទ្ធ​ជាមួយ COVID-19 និង​មនុស្ស​ងាយ​រងគ្រោះ ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ជា​អាទិភាព​។​

​បើតាម​ក្រុមមន្ត្រី​អាមេរិក ការដឹកជញ្ជូន​វ៉ាក់សាំង​នឹងត្រូវ​ធ្វើជា​ដំណាក់កាល ដោយ​ក្នុងដំណាក់កាល​ដំបូង​នេះ នឹង​ទៅដល់​មណ្ឌល​ចែកចាយ​ចំនួន ១៤៥​កន្លែង​នៅ​ចន្ទ​ស្អែក​នេះ ហើយ​គោលដៅ​ចំនួន​៤២៥​កន្លែង​ផ្សេងទៀត នឹង​ទទួលបាន​វ៉ាក់សាំង​នៅ​ថ្ងៃ​អង្គារ និង​៦៦​កន្លែង​ទៀត​គឺ​នឹង​ទទួលបាន វ៉ាក់សាំង​នៅ​ថ្ងៃ​ពុធ​។​

​គួរ​បញ្ជាក់ថា សកម្មភាព​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា ជំហាន​ដ៏​សំខាន់ ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក ដែល​រហូត​មកទល់ពេលនេះ វា​បានសម្លាប់​ប្រជាជន​អាមេរិក​ប្រមាណ​ជាង ៣០​មុ​ឺ​ន​នាក់​មកហើយ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close