ឯកឧត្ដម ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប

ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ គណៈប្រតិភូ​ក្រសួង និង​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម បានឱ្យដឹងថា គណៈកម្មការ​អន្តរក្រសួង បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ ដើម្បី​ចុះ​ត្រួតពិនិត្យ តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ និង​វាយតម្លៃ​ការងារ​របស់​អ្នកអនុវត្ត​ការសាងសង់ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ជាប្រចាំ​នៅតាម​អង្គភាព​អនុវត្ត​ការសាងសង់​នីមួយៗ ដើម្បីឱ្យ​អង្គភាព​សាងសង់​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ តាម​គោលការណ៍ និង​ស្តង់ដា​លក្ខណៈ​បច្ចេកទេស ដែល​បានកំណត់ ដោយ​ត្រូវធ្វើ​ការរាយការណ៍​ជាប្រចាំ​រៀងរាល់ ២​សប្តាហ៍​ម្តង ជូន​ក្រុមការងារ​ត្រួតពិនិត្យ​និង​វាយតម្លៃ និង​គណៈកម្មការ​អន្តរក្រសួង​ផងដែរ​។​

​សូមបញ្ជាក់ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន ៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨,៧៤​គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈ ពេល​សាងសង់​ចំនួន ១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​រចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន ប្រភេទ​រួមមាន​៖ ប្រភេទ​ទី​១ ជា​ផ្លូវ​ស្ថិតក្នុង តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​ល្អ ត្រូវ​ជួសជុល​ដោយ​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៥​សង់ទីម៉ែត្រ​ឡើងវិញ ប្រភេទ​ទី​២ ជា​ផ្លូវ​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​មិនល្អ ត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ រួច​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ​ពីលើ ប្រភេទ​ទី​៣ ជា​ផ្លូវ​មិន​ស្ថិតនៅ​តំបន់​មាន​ភ្ញៀវទេសចរ ធ្វើ ដំណើរ​ច្រើន នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ ប្រភេទ​ទី​៤ ជា​ផ្លូវ​វាង​ក្រុង ដោយ​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​នៅ​ល្អ នឹងត្រូវ​ជួសជុល​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC ឡើងវិញ ចំណែក​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​មិនល្អ នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក កម្រាស់​២៥​សង់ទីម៉ែត្រ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close