១០​ខែ ឆ្នាំនេះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​ជាង ១​លាន​នាក់​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ ២០២០​នេះ មាន​ប្រមាណ ១,២៦​លាន​នាក់ បាន​ធ្លាក់ចុះ ៧៦,១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ប្រមាណ ៥,២៩​លាន​នាក់​។​

​របាយការណ៍​នេះ បង្ហាញ​ទៀតថា ប្រភព​ភ្ញៀវទេសចរ​អន្តរជាតិ​សំខាន់ៗ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា គឺ​ទេសចរ​ចិន បន្ត​នាំមុខគេ មាន​ចំនួន​សរុប​ប្រមាណ ៣១​ម៉ឺន​នាក់ ធ្លាក់ចុះ ៨៤,៥​ភាគរយ បន្ទាប់មក​ទេសចរ​ថៃ មាន​ចំនួន ១៩​ម៉ឺន​នាក់ ធ្លាក់ចុះ ៤១,៥​ភាគរយ​, វៀតណាម មាន​ចំនួន ១៨​ម៉ឺន​នាក់ ធ្លាក់ចុះ ៧៤,៨​ភាគរយ និង​សហរដ្ឋអាមេរិក ជាង ៥​ម៉ឺន​នាក់ ធ្លាក់ចុះ ៧១,៦​ភាគរយ ក្រៅពីនោះ​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក៏​សុ​ទ​សឹង​បង្ហាញ​ពី​ការធ្លាក់ចុះ​ដូចៗ​គ្នា​នេះដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ចំនួន ៦,៦១​លាន​នាក់ កើនឡើង ៦,៦​ភាគរយ ពី​ចំនួន ៦,២​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close