ឆ្លង​ចរន្តអគ្គិសនី ឆេះ​កុដិ​១​ខ្នង នៅ​វត្ត​គគី ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ កុដិ​១​ខ្នង ត្រូវបាន​អគ្គិ​ស​ភ័យ​លេប​ត្របាក់ កាលពី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​វត្ត​គគី ភូមិ​ស្រិត​ខាងកើត ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ឌុ​ត ខុន ស្នងការរង​ទទួល​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានអោយដឹងថា មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ព្រះវិហារ​បណ្តាលអោយ​ឆាបឆេះ​កុដិ​ចំនួន ០១​ខ្នង ទំហំ​៦×៩​ម៉ែត្រ កំពស់​៥​ម៉ែត្រ ដំបូល​ស៊ី​ប្រូ ជញ្ជាំង​ក្ដា និង​ឆេះ​សម្ភារ​ប្រើប្រាស់​មួយចំនួន​នៅក្នុង​កុដិ តែ​មិន​បណ្ដាលអោយ​ឆ្លងទៅ​កុដិ​ផ្សេងទៀត​ទេ​ដោយសារ​កម្លាំង​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​អស់​ចំនួន​០១​គ្រឿង ទើប​ភ្លើង​នេះ​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​២១​នឹង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ហើយ​មិន​បណ្តាលអោយ​ប៉ះពាល់​អាយុជីវិត​មនុស្ស​ឡើយ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close