អាមេរិក ផ្តល់ហិរញ្ញប្បទានបន្ថែម ៦៦,២លានដុល្លារដល់កម្ពុជា លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍
ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។