ក្រៅពី​អង់គ្លេស មិនទាន់មាន​ប្រទេស​តំបន់​អឺរ៉ុប​ផ្សេងទៀត អនុម័ត​ប្រើ​វ៉ាក់សាំង​នៅឡើយ​ទេ​

​បច្ចុប្បន​នៅលើ​ពិភពលោក មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ជាង ៧៣,២​លាន​នាក់ ក្នុងនោះ​តំបន់​អឺរ៉ុប​មាន​អ្នក​ឆ្លង ជាង ២០​លាន​នាក់ ស្លាប់​ជាង ៤៦៣​ពាន់​នាក់​។ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​មាន​អ្នក​ឆ្លង​ថ្មី​ជាង​៧១​ពាន់​នាក់​។ ប៉ុន្តែ​អឺរ៉ុប​មិនទាន់​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​នៅឡើយ​ទេ​។​

​អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech ។ ដោយឡែក​ប្រទេស​ផ្សេងទៀត ក្នុង​សហគមន៍​អឺរ៉ុប​មិនទាន់​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅឡើយ​ទេ បើទោះបី​មាន​ករណី​ឆ្លង​ច្រើនក្តី​។​

​នៅពេល​នេះដែរ អធិការបតី​អាល្លឺម៉ង លោកស្រី Angela Merkel និង​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ ជំរុញ​ឲ្យ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ដែល​ហៅ​កាត់​ថា EMA ព​ន្លឿ​ន​កាលបរិច្ឆេទ សម្រាប់​ការអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Pfizer-BioNTech មក​នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ ជំនួស​ថ្ងៃទី​២៩ វិញ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់ លោក Jens Spahn បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​(​ម៉ោង​នៅ​ប៊ែ​កឡាំង​)​ថា គោលបំណង​បស់​អាល្លឺម៉ង់ គឺ​ចង់​ឲ្យ​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Pfizer-BioNTech ត្រូវបាន​អនុម័ត មុន​ថ្ងៃបុណ្យ​ណូអែល ដើម្បី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំនេះ​តែម្តង​។​

​តាមរយៈ​ការ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ នៅលើ​បណ្តាញ​ទំនាក់ទំនង​របស់ខ្លួន រដ្ឋមន្ត្រី​អាល្លឺម៉ង់​រូបនេះ ថែមទាំង​បាន​សង្កត់ធ្ងន់​ទៀតថា «​ការអនុម័ត​យល់ព្រម ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប គួរតែ​ធ្វើឡើង​ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។ ថ្បិ​ត​ថា រាល់​ទិន្នន័យ​ចាំបាច់​ស្តីពី​វ៉ាក់សាំង​របស់ BioNTech គឺអាច​ទទួលយកបាន​។ ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​បានចេញ​ការយល់ព្រម​រួចទៅហើយ​»​។​

​គួរ​បញ្ជាក់ថា នៅ​ចំពោះមុខ​នៃ​ការកើនឡើង​យ៉ាងគំហុក នៃ​ករណី​ឆ្លង COVID-19 អាជ្ញាធរ​អាល្លឺម៉ង់ បានសម្រេច​អនុវត្ត​វិធាន​ការបិទ​ប្រទេស​មួយផ្នែក សម្រាប់​រយៈពេល​៦​សប្ដាហ៍ ដោយ​តម្រូវ​ឲ្យ​បារ ក្លឹប​រាត្រី និង​ភោជនីយដ្ឋាន ត្រូវ​បិទ​ទា្វរ ស្របពេល​សាលារៀន និង​ហាង​ទំនិញ​ខ្លះ នៅតែ​បន្ត​បើកទ្វារ​ដដែល រហូតដល់​ថ្ងៃទី ២០ ខែធ្នូ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close