ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​នឹង​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ​ពី​អ្នកជំនាញ​ខ្មែរ​នា​ចុងឆ្នាំ ២០២០

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្យូ (Tokyo) ប្រទេស​ជប៉ុន ធ្វើការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទ​តា​នៃ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។

​លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា បង្ការ និង​ជា​ប្រធាន​ការដ្ឋាន​ជួសជុល​បានឱ្យដឹងថា ការជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ តា​នៃ​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៩​មក​ម្លេះ ពេលនេះ ឈានទៅដល់​ការគ្រោង​នឹង​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​២០២០​។​

​លោក​មានប្រសាសន៍​ទៀតថា ដើមឡើយ​បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ គឺ​រចនាសម្ព័ន្ធ​របស់​ទាំងមូល​របស់​ខ្លោងទ្វារ​តែម្តង ដោយ​មូលហេតុ​ឬ​ស​និង​ដើមឈើ​ធ្វើ​ឲ្យ​គ្រឹះ​រំកិល​ចេញពី​ទីតាំង​ដើម​បណ្តាល​ឲ្យ​ថ្ម​ជញ្ជាំង​ហែក​ចេញពី​គ្នា​នឹង​អាច​បាក់​រលំ​។ ឯ​ដំបូល​ថ្ម​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង​។

​រហូតមកដល់​ពេលនេះ ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​ត្រូវបាន​ជួសជុល​ស្ទើ​តែ​រួចរាល់ និង​ថ្ម​ដំបូល​ត្រូវ​បានរៀបចំ​តម្លើង​ឡើងវិញ​តាម​រូបរាង​ដើម​ទាំងស្រុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close