ថ្ងៃនេះ​! អ្នកជំងឺ​កូ​វី​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា ជាសះស្បើយ​៥​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នៅ​កម្ពុជា ទាំង​ករណី​នាំចូល និង​ករណី​ឆ្លង​ក្នុង​សហគមន៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ តែ​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន ៥​នាក់​។​

​ក្រសួង បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង​៥​នាក់​នោះ រួមមាន​៖
* ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទូល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​ម្តាយ​របស់​ស្ត្រី​អាយុ​៣៦​ឆ្នាំ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ​២៥​ឆ្នាំ និង​ទារក អាយុ​០៧​ខែ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ប្អូនស្រី​របស់​អ្នកបើកបរ ឲ្យ​អគ្គនាយក​ពន្ធនាគារ​។​

* បុរស​ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ធនាគារ​ចិន (​ផ្លូវ​មុនី​វង្ស​) ។​
​សូម​កត់សម្គាល់ថា បុគ្គល​ទាំំ​ង​៤​នាក់​ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន ចំនួន​២​ដង និង​ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ។​

* បុរស​ជនជាតិខ្មែរ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ម្តុំ​ស្តុ​ប NOKIA ខណ្ឌ​សែន​សុខ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​២​ដង និង​ត្រូវបាន​អនុ​ញ្ញ​ត​ឲ្យ​ចេញ ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣២៤​នាក់ និង​៣៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close