ប្រធានាធិបតីអ៊ីរ៉ង់៖ លោកត្រាំ គឺជាប្រធានាធិបតីគ្មានស្គាល់ច្បាប់ទំលាប់
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានលើកឡើងថា អ៊ីរ៉ង់ពិតជារីករាយដែល លោកបៃឌិន ឈ្នះលោកត្រាំ ក្នុងការបោះឆ្នោត អាមេរិក។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ហាស់សាន រ៉ូហានី បានចាត់ទុកលោកត្រាំ ថាជាប្រធានាធិបតីមិនស្គាល់ច្បាប់ទំលាប់ ។
សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ បានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) នៅថ្ងៃពុធនេះបានថ្លែងថាប្រទេសលោកស្វាគមន៍ ចំពោះការចាកចេញពីតំណែងរបស់ មេដឹកនាំអាមេរិកបច្ចុប្បន្នគឺលោក ដូណាល់ ត្រាំ ដែលប៉ុន្មានឆ្នាំមកនេះ បានបង្កហេតុជាខ្លាំងមកលើអ៉ីរ៉ង់។
កំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយនៅថ្ងៃពុធនេះ លោក Rouhani បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនរំភើបអ្វីឡើយ ចំពោះការឡើងកាន់អំណាចរបស់លោក បៃដិន ប៉ុន្តែយើងពេញចិត្ត ចំពោះការចាកចេញពីតំណែងរបស់លោក ដូណាល់ ត្រាំ»។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអ៉ីរ៉ង់រូបនេះ ថែមទាំងបានហៅលោក ត្រាំ ថាជាប្រធានាធិបតីអាមេរិក ដែលមានអត្តចរិតកាងបំផុតក្នុងប្រវត្តិសាស្ត្រ និងជាភេរវករមួយរូបទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ អង្គបោះឆ្នោតនៃសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា តទល់ជាមួយនឹងលោក ដូណាល់ ត្រាំ។ លោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ហើយវាក៏ជាពេលដែលលោក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីសេតវិមានផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។