កូ​វីដ​១៩ ៖ អ្នក​ឆ្លង​លើ​ពិភពលោក​ជិត​ដល់​៧៤​លាន​នាក់​, ស្លាប់​ជាង ១.៦៤​លាន​នាក់​, ជាសះស្បើយ​ជិត ៥២​លាន​នាក់​

​ដោយ​ការឆ្លង​រាលដាល លើ​ពិភពលោក​កាន់តែខ្លាំង​ប្រទេស​ជាច្រើន កំពុង​ត្រៀម​អនុម័ត​ឲ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ជាបន្ទាន់ ក្រោយពេល​មាន​ប្រទេស​ជាច្រើន បាន​ចាក់​ជូន​ពលរដ្ឋ​របស់ខ្លួន​។​

​គិត​ត្រឹម​ម៉ោង ៧​យប់ ថ្ងៃ ទី​១៦ ខែធ្នូ ឆ្នាំ​២០២០ តាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ worldmeter បាន​បង្ហាញថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ វា​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន ៧៣,៩៣០,៤៥៦​នាក់ ដែល​ក្នុងនោះ​អ្នកជំងឺ​ចំនួន ១,៦៤៤,៥៧៨​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង ៥១,៩៤៣,៤៨៤​នាក់​ផ្សេងទៀត ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ នៅ​ទូទាំង​សកលលោក​។​

ជាមួយគ្នានេះ​ប្រទេស​ជាច្រើន​ក៏បាន​អនុម័ត​ប្រើប្រាស់​វ៉ាក់សាំង​ជាបន្ទាន់​ផងដែរ ដើម្បី​ទប់ស្កាត់​ការឆ្លង​កាន់តែច្រើន​។ កាលពី​ថ្ងៃទី​១៥​ខែធ្នូ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អាល្លឺម៉ង់​បានប្រកាស​ឲ្យ​ដឹងថា នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ របស់​BioNTech/Pfizer ក្រោយពេល​សហគមន៍​អឺរ៉ុប​អនុម័ត​ឲ្យ​ប្រើប្រាស់​។ តាម​គម្រោង​ការចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​នៅ​បុណ្យ​គ្រិស្ត​ស្មាស់​។​

​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​អឺរ៉ុប​(EMA) នឹង​ជួបប្រជុំគ្នា​ដើម្បី​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង នា​ថ្ងៃទី​២១​ខែធ្នូ គឺ​មុន​ការគ្រោងទុក ៨​ថ្ងៃ​។ កន្លងមក​អឺរ៉ុប​មាន​គម្រោង​ជួបប្រជុំ​អនុម័ត​នៅ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​។​ បច្ចុប្បន្ន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន អាមេរិក​-​អាល្លឺម៉ង់ BioNTech/Pfizer ទទួលបាន​ការអនុម័ត​ឲ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជាច្រើន ដូចជា អាមេរិក អង់គ្លេស ម៉ិចស៊ីកូ កាណាដា សិង្ហ​បុរី បា​រ៉ែ​ន និង​អា​រ៉ា​ប៊ី សា​អូ​ឌី​ន ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close