ខេត្តតាកែវ ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ធំៗ ដែលមាន​សក្តានុពល លើ​ផលិតកម្ម​ដំណាំ​ស្រូវ​

ខេត្តតាកែវ​៖ តាកែវ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ធំៗ ដែលមាន​សក្តានុពល​លើ​ផលិតកម្ម​ដំណាំ​ស្រូវ ជាប់​ចំណាត់​លេខ​១ ចំនួន​៨​ឆ្នាំ ចំណាត់ថ្នាក់​លេខ​២ ចំនួន​៨​ឆ្នាំ និង​ចំណាត់ថ្នាក់​លេខ​៣ ចំនួន​២​ឆ្នាំ ចុងក្រោយ ហើយក៏​ជា​ខេត្ត​មួយ មាន​ច្រក​នាំចេញ​ផល​ស្រូវ​ធំ​មួយ ទៅកាន់​ប្រទេសជិតខាង តាម​មធ្យោបាយ​ផ្លូវទឹក និង​ផ្លូវគោក​។​

​ក្នុង​ឆ្នាំ​២០២០​នេះ យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី​១៥ ខែធ្នូ បាន​ឲ្យ​ដឹងថា តួលេខ​ក្នុង​ផែនការ​បង្កបង្កើនផល​ស្រូវ​រដូវរ​ស្សា​មាន​ផ្ទៃដី​សរុប​ចំនួន ១៨០ ០០០​ហ​.​ត អនុវត្តបាន​ចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤​ត​/​ហ​.​ត ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៧១១ ៤២៣​ត លើស​ឆ្នាំមុន​ចំនួន ៣៥ ៣៧២​ត​។

​ដោយឡែក​ចំពោះ​ស្រូវប្រាំង​វិញ តួលេខ​ក្នុង​ផែនការ​មាន​ចំនួន ៨០ ០០០ ហ​.​ត អនុវត្តបាន​ចំនួន ១០១ ៥១១​ហ​.​ត ស្មើនឹង ១២៧% ទទួលបាន​ទិន្នផល ៤,៨៩៨​ត​/​ហ​.​ត បរិមាណ​ផល​សរុបទ​ចំនួន ៤៩៧ ២០១​ត តិចជាង​ឆ្នាំមុន ៦ ៦៨៤​ត (​បញ្ហា​មកពី​ខ្វះ​ទឹក​មិនអាច​ធ្វើ​លើក​ទី​២ បាន​)​។​

​ចំពោះ​ការនាំចេញ ខេត្តតាកែវ​មាន​ច្រក​នាំចេញ​ផល​ស្រូវ​សំខាន់ៗ​ចំនួន ៤ ទៅកាន់​ប្រទេស​ជិត ខាង គឺ​ច្រក​កំពង់ទូក​អង្គរបុរី ច្រក​កំពង់អំពិល ច្រក​ភ្នំ​ដិ​ន ច្រក​ដើម​ដូង និង​ប្រឡាយ ៩២​។ គិត​មកទល់​ថ្ងៃទី​១៥ ខែធ្នូ ផល​ស្រូវ​ចំនួន ១៣៦ ៨៥២​តោន ត្រូវបាន​នាំចេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close