រដ្ឋមន្ត្រី​ទេសចរណ៍ បញ្ជា​ឱ្យ​ក្រសួង​-​មន្ទីរ​រាជធានី​-​ខេត្ត​ទាំង​២៥ បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​

​ភ្នំពេញ​៖ ខណៈដែល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មិនទាន់មាន​ភាព​ស្រាក់​ស្រា​ន​នៅឡើយ​នោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រមទាំង​មន្ទីរ​ទេសចរណ៍​ទាំង ២៥ រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ​ក្នុង​ការចុះពង្រឹង តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​។​

​ការដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ ឯកឧត្តម ថោង ខុន បានផ្ដល់​អនុសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​-​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង ២៥ រួមមាន​៖
១៖ បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​គោលដៅ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នៅ​ទូទាំង​រាជធានី​-​ខេត្ត​ទាំង ២៥ ដើម្បី​ចូលរួម​បង្ការ​-​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​
២៖ ណែនាំ​ឱ្យ​ផ្នែក​ជំនាញ​បង្កើន និង​ពង្រឹង​ផលិតផល​ទេសចរណ៍ ពិសេស​ទេសចរណ៍​តាមបែប​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ក​សិ​ទេសចរណ៍ ទេសចរណ៍​ជនបទ ដែល​អាច​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី ពេញនិយម នៅក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ តែ​ត្រូវអនុវត្ត​ន៏​ហ្មឺ​ង​ម៉ាត់​តាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។​
៣៖ សិក្សា​រៀបចំ​ជា​បណ្ដើរៗ​នូវ​ការទាក់ទាញ​ទេសចរ​អន្តរជាតិ​ជាថ្មី បន្ទាប់ពី​ពិភពលោក​ទទួលស្គាល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ជា​ផ្លូវការ ខណៈ​ក្រសួងសុខាភិបាល​មាន​សុទិដ្ឋិនិយម​ថា អាច​នឹងមាន​វ៉ាក់សាំង​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​។​
៤៖ ត្រូវ​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​ប្រពន្ធ​អន​ឡាញ​ឱ្យបាន​សកម្ម​។​
៥៖ ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​ទូទាំង ២៥ រាជធានី​-​ខេត្ត ពិសេស​មូលដ្ឋាន​អាជីវកម្ម​ខ្នាតតូច ដែល​បច្ចុប្បន្ន​សង្កេតឃើញ​ថា ភាគច្រើន​ជា​ប្រភេទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ក្នុងស្រុក​ខ្នាតតូច និង​លក្ខណៈ​គ្រួសារ​។ ត្រង់ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ក្រសួង​បន្ថែម ដើម្បី​ចុះជួយ​ជំរុញ​ការអនុវត្ត​នេះ​ដល់​មូលដ្ឋាន​ថ្នាក់ក្រុង​-​ស្រុក ដោយ​ត្រូវមាន​កិច្ចសហការ​ពី​រដ្ឋបាល​ថ្នាក់ក្រុង​-​ស្រុក​ក្នុងការ​អនុវត្ត​កិច្ចការ​នេះ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​សកម្ម​ដូច​ពេ​យុទ្ធនាការ​ខែមេសា​កន្លងមក​។​
៦៖ ពង្រឹង​ការអនុវត្ត​កិច្ចការរដ្ឋបាល គ្រប់គ្រង​មន្ត្រីរាជការ ដោយ​បញ្ចូល​បែបបទ​នៃ​ការអនុវត្ត​គន្លង​ថ្មី ពោលគឺ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការពាក់​ម៉ាស់​រៀងរាល់​ម៉ោង​ធ្វើការ រក្សា​គម្លាត​សុវត្ថិភាព ចេញចូល​ត្រូវ​វាស់​កម្ដៅ និង​ត្រូវ​បាញ់​អាកុល​ជានិច្ច ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​អាកុល ហើយ​ត្រូវ​តាមដាន​អាកា​រៈ​ខ្លួនឯង ប្រសិនបើ​មាន​ជំងឺ​ផ្ដាសាយ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកដទៃ ឬក៏​មាន​សញ្ញា​សង្ស័យថា​មាន​ជំងឺ​កូ​វីដ​១៩ ត្រូវ​ទៅរក​គ្រូពេទ្យ​ជាបន្ទាន់​។​

​ដោយ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ លទ្ធផល​ការងារ​ចុះ​វាយតម្លៃ និង​ផ្តល់​ឡា​ប៊ែ​ល​បញ្ជាក់ ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទូទាំងប្រទេស​ទើប​សរុប​បាន​ចំនួន ១,៤១៦ ទីតាំង​ប៉ុណ្ណោះ ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ដាស់តឿន​ឱ្យមាន​ការខិតខំ​ទ្វេ​រដង ហើយ​ត្រូវ​មានការ​បូកសរុប​រៀងរាល់ខែ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close