ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ នឹង​ផ្អាក​រយៈពេល​៣​ថ្ងៃ ដើម្បី​រៀបចំ​ប្តូរ​ទីតាំង

ភ្នំពេញ​៖ ដើម្បីឱ្យ​ការរុះរើ​ផ្លាស់ប្តូរ​ទីតាំង​មានដំណើរ​ការ​ទៅដោយ​រលូន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ផ្អាក​ដំណើរការ ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ក៏ដូចជា​បណ្តា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​ចំនួន ០៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ និង​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង អង្គភាព​ផ្តល់​សេវាសាធារណៈ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្រុមហ៊ុន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ធនាគារ​ដៃគូ ភាគី​ពាក់ព័ន្ធ និង​សាធារណជន មេត្តា​ជ្រាបថា ក្រសួង​នឹងធ្វើ​ការរុះរើ​ប្តូរ​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ដែល​បណ្តាលឱ្យ​មានការ​ប៉ះពាល់​ដល់​ការប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត និង​បណ្តា​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ដោយឡែក បណ្តាញ​អ៊ី​ន​ធើ​ណែ​ត នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងមាន​ការរអាក់រអួល​ក្នុងអំឡុងពេល​រុះរើ​ប្តូរ​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ចាប់ពី​ពេល​ផ្អាក​ដំណើរការ ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close