ថ្ងៃនេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ម្នាក់ មិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា​ទេ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក មិនមាន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» នោះទេ ហើយក៏​មិនមាន​ករណី​ព្យាបាល​ជាសះស្បើយ​នោះដែរ​។​

​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ម្នាក់នេះ គឺជា​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង អាយុ​៥៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​ម​ជ្ឈ​ម​ណ្ដ​ល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​។​

​សូម​កត់សម្គាល់ថា អ្នកជំងឺ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ មាន​ចំនួន ៤៤​នាក់ ដែល​ក្នុង​ចំនួន​នេះ​មាន​ស្ត្រី​ខាងលើនេះ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន​៤៣​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរ​សុ​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង រាជធានី​ភ្នំពេញ ចំនួន ៣៦​នាក់ និង​នៅ​វិទ្យាល័យ​បុរី​១០០​ខ្នង ចំនួន​៧​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៦៣​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៤៥​នាក់ និង​អ្នក​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ចំនួន ១៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close