ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​ចំពោះ​អ្នកជួញដូរ​ដើម​កេសរ​កូ​ល​ព្រៃ ឬ​ផ្កាអ័រគីដេរ

​ខេត្តសៀមរាប​៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា កេសរ​កូ​ល​ព្រៃ គឺជា​ធនធានធម្មជាតិ​ដ៏​កម្រ និង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ដែល​ចាំបាច់​ត្រូវ​ថែរក្សា​ការពារ​និង​អភិរក្ស ដូច្នេះ​បើ​មានការ​ប្រមូល​ឬ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ វា​អាចធ្វើ​ឲ្យ​បាត់បង់​នូវ​ប្រភេទ​កេសរ​កូ​ល​កម្ពុជា ដោយសារ​យកទៅ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ផ្សេង ឬ​ធ្វើជា​កម្មសិទ្ធិ​របស់គេ ហេតុនេះ​ក្រសួង​ចាំបាច់​ត្រូវ​ទប់ស្កាត់​ការជួញដូរ​ដោយ​ខុសច្បាប់ ខណៈដែល​ក្រសួងបរិស្ថាន ធ្លាប់បាន​ធ្វើការ​ព្រមាន​រួចហើយ ចំពោះ​អ្នកណា​ដែល​ធ្វើ​អាជីវកម្ម​លើ​ដើម​កេសរ​កូ​ល​ព្រៃ ឬ​ដើម​ផ្កាអ័រគីដេរ ដែល​ហួសប្រមាណ ហើយ​ឈានទៅដល់​កម្រិត​បំផ្លិចបំផ្លាញ​នោះ ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​មិន​យោគយល់​ចំពោះ​ពួកគាត់​ឡើយ​។​

​ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន ស្ថិតនៅ​ខាងលិច​ជើងភ្នំ​គូលែន ក្នុងស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ។​

​ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍​បន្ថែមថា កន្លងមក​មាន​ជនខិលខូច​មួយចំនួន បានធ្វើការ​បំផុស​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​អំពី​ការប្រមូលទិញ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ក្នុងតម្លៃ​ខ្ពស់ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការប្រមូលទិញ​កេសរ​កូ​ល​ព្រៃ ពី​តំបន់ការពារធម្មជាតិ​ដោយ​អនាធិបតេយ្យ ដែល​ទង្វើ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភេទ​កេសរ​កូ​ល​ព្រៃ និង​អាច​ឈានដល់​ការ​ផុត​ពូជ​ទាំងស្រុង​នូវ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​មួយចំនួន ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​ចាញ់បោក​ក្រុម​ឈ្មួញ​ដែល​ញុះញង់​ឲ្យ​បោច​ផ្កា​កេសរ​កូ​លពី​ក្នុងព្រៃ ដើម្បី​លក់​ឲ្យ​ឈ្មួញ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ហើយ​ត្រូវ​មក​ចូលរួម​អភិរក្ស​ផ្កា​កែសរ​កូ​ល​ព្រៃ ឲ្យ​បាន​គង់វង្ស​នៅ​កម្ពុជា​វិញ ខណៈ​បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាន​នឹង​កំពុងធ្វើការ​កំណត់​អត្តសញ្ញាណ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​កំពុង​អភិរក្ស​នៅ​មជ្ឍមណ្ឌល​ស្រាវជ្រាវ “​សុខ​អាន​កេសរ​កូ​ល​” ដើម្បី​រៀបចំ​ជា​ប្រកាស​ការពារ តាម​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​(UN-CBD)​ស្តីពី​ការអភិរក្ស​ក្នុង​តំបន់ ដើម្បី​ធានាបាន​នូវ​ការប្រើប្រាស់​ធនធាន​ជីវៈចម្រុះ​ប្រកបដោយ​និរន្តរភាព ។​

​សូមបញ្ជាក់ថា ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា​៥៩ ត្រង់ចំណុច​៣​និង​៤​បាន​ចែងថា ដឹកជញ្ជូន​និង​ប្រមូល​ផល​អនុផល​ធនធានធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត​និង​ប្រមូល​សន្និធិ​ផល​អនុផល​ធនធានធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត នឹងត្រូវ​ទទួល​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១​លាន​រៀល​(១.០០០.០០០​រៀល​) ដល់​១០​លាន​រៀល ឬ​ត្រូវធ្វើ​ការជួសជុល​ស្តារ​ការខូចខាត និង​រឹបអូស​វត្ថុតាង​ជា​សម្បត្តិ​រដ្ឋ​​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close