ក្រមាខ្មែរ​ជាប់​ឯកទគ្គកម្មពិភព​លោក​

ភ្នំពេញ ៖ ក្រមាប្រវែង១​ពាន់​ម៉ែត្រ​របស់​កម្ពុជា ត្រូវ​បាន​ប្រកាស​ចូល​ទៅ​ក្នុង​កំណត់​ត្រាពិភព​លោក​ហើយ ក្រោយ​ពី​តំណាង​គណៈ​កម្មការ World Guinness Record និង សហសេវិក បាន​មក​ធ្វើ​ការ​វាស់​វែង នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា ២០១៨។

ក្រោយ​ត្រួត​ពិនិត្យ​គុណភាព និង​ប្រវែង​របស់​ក្រមា​រួច លោក Dangarika Swapnil Mahesh គណៈ​កម្មការ  Guinness World Record បាន​សម្រេច​ដាក់​ក្រមា​ខ្មែរ​ជាក្រមាវែង​ជាង​គេ​ក្នុង​ប្រវែង១.១៤៩,៨​ម៉ែត្រ ចូល​ក្នុង​កំណត់​ត្រាឯក​​​ទគ្គកម្មពិភព​លោក។

គួរ​បញ្ជា​ក់ថា ក្រមា​ដែល​វែង​ជាង​គេលើពិភព​លោក​នេះ គឺ​បាន​ចាប់​ដំណើរ​ការត្បាញពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មាន​អ្នក​ចូល​រួម​សរុប ៣៣៨.០៥០​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ចុះ​ឈ្មោះ​រៀន​ត្បាញ​ចំនួន​២២.៣១៥​នាក់ និង​អ្នក​ចូល​រួម​ត្បាញក្រមា ១.០០០​ម៉ែត្រ ចំនួន​១៩.៧៧១​នាក់។

លោក សាន វឌ្ឍនា ប្រធាន​ក្រុម​ចលនា​ហ្គោហ្គោខេមបូឌា(GoGo Cambodia )​ដែល​បាន​បង្កើត​យុទ្ធនាការ​នេះ​ឡើង​បាន​លើក​ឡើង​ថា «ការបំ​បែក​ឯកទគ្គកម្ម ក្រមាវែង​ជាង​គេ​នៅ​លើពិភព​លោក» គឺជា​សក្ខីភាព​មួយ​ក្នុង​ចំណោម​លទ្ធភាព​ដែល​ប្រជា​ជាតិ​ខ្មែរ​អាច​ធ្វើ​អ្វីៗ​រួម​គ្នា ក្នុង​ស្មារតី «ជឿថា​ខ្មែរ​ធ្វើ​បាន»។

តាម​លោក សាន វឌ្ឍនា យុទ្ធនាការ «បំ​បែក​ឯកទគ្គកម្មក្រមាវែង​ជាង​គេលើពិភព​លោក» ត្រូវ​បាន​នាំ​មក​ជូន​បងប្អូន​ប្រជាជន​ខ្មែរ​ទាំង​អស់​ក្នុង​គោល​បំណង​ធំៗបី រួម​មាន (១) លើក​កម្ពស់មោទនភាព​ជាតិ​និង​កិត្យានុភាព​ជាតិ​នៅ​លើឆាក​អន្តរជាតិ។(២)បង្កើត​ការ​ចូល​រួម​ចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់មជ្ឍដ្ឋាន​ទាំង​អស់​ដើម្បី​​រួម​គ្នា​ថែ​រក្សា​និង​លើក​ស្ទួយមត៌ក​វប្បធម៌​ប្រពៃណី​ខ្មែរ​និង​ជា​ពិសេស​(៣)​ជំរុញ​ឲ្យ​មាន​សាមគ្គី​ភាព​និង​ឯកភាព​ជាតិ​តាម​រយៈការ​រួម​គ្នា​បង្កើត​ស្នា​ដៃ​ដ៏​ធំ​សម្រាប់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close