ប្រធាន​មន្ទីរ​សុខាភិបាលខេត្តសៀមរាប​​​អះ​​​អាង​​​ថារកពុំឃើញមានវត្តមាននៃសត្វ​​​មូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ឡើយ

សៀមរាប ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៨ របស់ក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺ គ្រុនចាញ់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា ក្នុងរយៈពេលជាង៥ឆ្នាំចុងក្រោយនេះ សត្វមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ ពុំត្រូវបានគេរកឃើញនៅក្នុងខេត្តសៀមរាបនោះទេ ខណៈដែលកាលពីមុន វត្តមានមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ ត្រូវបានគេរកឃើញនៅតំបន់ភ្នំគូលែន ក្នុងស្រុកស្វាយលើ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រុមអ្នកតាមដានរកមិនឃើញវត្តមានរបស់សត្វមូសនោះទៀតទេ ។

លោក ក្រុស សារ៉ាត់ មានប្រសាសន៍បន្តថា ថ្វីត្បិតតែខេត្តសៀមរាប ពុំស្ថិតនៅក្នុងចំណាត់ថ្នាក់ខេត្តដែលប្រឈមនឹងជំងឺគ្រុនចាញ់ក្តី ក៏ខេត្តមួយនេះ នៅតែទទួលរងបញ្ហាមកពីបណ្តាខេត្តជិតខាងដែលប្រឈមមុខនឹងជំងឺគ្រុនចាញ់ខ្ពស់ ដូចជាខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើម ។

លោក មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ បានឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខា​ភិបាល បានដាក់ចេញនូវគោលដៅដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ហើយការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ គឺទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីទទួលបានជោគជ័យ ។ ក្នុងនោះខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តទាំង៥ ដែលត្រៀមប្រកាសដាក់ជាខេត្តដែលមិនមានជំងឺគ្រុនចាញ់មុនគេ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ និងខេត្តប៉ៃលិន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close