ធុងសំរាមចំនួន៥០០ធុងត្រូវបានចែក​​​ជូន​​​ដល់​​​គ្រឹះ​​​ស្ថានសិក្សា ផ្សារនានា និងដាក់តាមទី​​​សាធារណៈសំខាន់ៗក្នុងសៀមរាប

សៀមរាប ៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ​២០១៨ នេះក្នុងពិធីចែកធុងសំរាមចំនួន៥០០ធុង ជូនដល់គ្រឹះស្ថានសិក្សា ផ្សារនានា និងដាក់តាមទីសាធារណៈសំខាន់ៗ ក្នុងក្រុងសៀមរាប ខាងមុខសួនច្បារព្រះរាជដំណាក់ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា  “ការប្រគល់ធុងសំរាម ជូនដល់អ្នកពាក់ព័ន្ធនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដេីម្បីជំរុញឲ្យអនាម័យបរិស្ថានក្នុងសៀមរាប ក៏ដូចក្នុងតំបន់រមណីយដ្ឋានរបស់យើង កាន់តែមានភាពស្រស់ស្អាត គ្មានសំរាម និងគ្មានថង់ផ្លាស្ទិកនៅតាមដងផ្លូវ និងទីកន្លែងសាធារណៈផ្សេងៗ ក្នុងក្រុងសៀមរាប និងក្នុងតំបន់រមណីយដ្ឋាននានាក្នុងខេត្តទៀតឡើយ ហើយក៏ជាផ្នែកមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកចូលទស្សនាខេត្តសៀមរាប បានដិតជាប់ក្នុងអារម្មណ៍ជាមួយនឹងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញ ប្រកបដោយបរិស្ថាន និងអនាម័យល្អ” ។

លោក ទៀ សីហា មានប្រសាសន៍ទៀតថា ក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងការបង្កើតកម្មវិធីចែកធុងសំរាមដល់អ្នកពាក់ព័ន្ធនាពេលនេះ គឺជាយុទ្ធនាការមួយក្នុងសម្អាតអនាម័យបរិស្ថានក្រុង និងខេត្តរបស់យើង ពិសេសពិតជាបានរួមចំណែកដល់ការបំផុសនូវស្មារតីរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ប្អូនៗ ក្មួយសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងតំបន់រមណីយដ្ឋានអង្គរ ដូច្នេះ តាមរយៈនេះ សំណូមពរដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវរួមសហការជាមួយគ្នា ដើម្បីថែរក្សាបរិស្ថានឲ្យបានស្អាត ដោយរក្សាទុកដាក់កាកសំណល់ផ្សេងៗ ឲ្យបានល្អ និងមានសណ្តាប់ធ្នាប់ សំដៅឲ្យសោភ័ណភាពក្រុង និងក្នុងរមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ ខណៈដែលវិស័យទេសចរណ៍របស់ខេត្ត អាចប៉ាន់ប្រមាណថានៅឆ្នាំ២០២០នេះ ភ្ញៀវទេសចរអាចចូលមកទស្សនាកើនឡើងដល់ចំនួន៨លាននាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close