​ក្រសួង​សុខាភិបាល ប្រកាស​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយជ្រូក

នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC នៃ​ក្រសួង​សុខាភិបាល កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​​ទាំង​អស់ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ជំងឺ​ផ្តាសាយជ្រូក​ដែល​អាច​នឹង​កើត​មាន​នៅ​ក្នុង​រដូវ​វស្សា​នេះ។

នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ឲ្យ​ដឹងថា នា​ពេល​ថ្មីៗ​នេះ ប្រទេស​ជិត​ខាង​យើង​មាន​ការ​ប្រកាស​ពីការ​រីក​រាលដាល​ជំងឺ​ផ្តាសាយ​ធំ H1N1 (ដែល​កាលពី​ឆ្នាំ​២០០៩ ហៅ​ថាផ្តាសាយជ្រូក តែ​មេរោគ​ផ្តាសាយ​នេះ​បាន​បំលែង​ខ្លួន​ទៅ​ជាផ្តាសាយ​ធំ​ធម្មតា​កាលពី​ឆ្នាំ ២០១២ម្លេះ) ដែល​បណ្តាល​ឲ្យ​ឈឺ និង​ស្លាប់​ជា​ច្រើន​ករណី ។

ចំពោះ​ប្រទេស​យើង​វិញ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​ទទួល​បាន​របាយការណ៏ពីការ​កើន​ឡើង​នៃ​ជំងឺ​ផ្តាសាយ​ធំ ដែល​ក្នុង​នោះ​ក៏​មាន​ឃើញ​វិជ្ជ​មាន មេរោគ​ផ្តាសាយ H1N1 ផង​ដែរ តាម​រយៈប្រព័ន្ទ​តាម​ដាន​ជំងឺ​ផ្តាសាយ តែពុំ​ទាន់​រក​ឃើញ​ករណី​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ តែ​ទោះ​ជា​យ៉ាង​ណា សូម​បងប្អូន​ចូល​រួម​ប្រុង​ប្រយ័ត្ន​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ​នេះ ។

តាម​ការ​សិក្សា​​ស្រាវជ្រាវ​របស់​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​រក​ឃើញ​ថា ក្នុង​ប្រទេស​យើង​នៅ​ក្នុង​រដូវ​ភ្លៀងជា​រដូវ​ដែល​មាន​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ​ច្រើន ដែល​បង្ក​ឡើង​ដោយ​មេរោគ​ផ្តាសាយ​ច្រើន​ប្រភេទ ដូច្នេះ​សូម​បងប្អូន​ទាំង​អស់​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​​ដើម្បី​​កុំ​ឲ្យ​ចំលង​ជំងឺ​ផ្តាសាយ​ធំ​នេះ ។

នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​បញ្ជាក់​ថា ក្រុម​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ផ្តាយសាយ​ធំ​អាចវិ​វត្ត​ន៏​ទៅ​ជំងឺ​ធ្ងន់ធ្ងរ​រួម​មាន កុមារ​អាយុ​ក្រោម​៥ឆ្នាំ មនុស្ស​ចាស់​លើស​ពី៦៥ឆ្នាំ ស្រ្តី​មាន​ផ្ទៃ​ពោះ និង​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ។

ដូច្នេះ សម្រាប់​ការ​បង្ការ​ជំងឺ​ផ្តាសាយ​ធំ​រួម​មាន៖ ឧស្សាហ៏លាង​ដៃ​ជា​មួយ​សាប៊ូ​និង​ទឹក លាងជា​មួយ​អាល់កុល ឬ​ថ្នាំ​ហ្សែល នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ផ្តាសាយ​លើស​ពី១​ម៉ែត្រ ឲ្យ​អ្នក​ជំងឺ​ផ្តាសាយពាក់ម៉ាស់ និង​លាង​ដៃ​សាប៊ូ​និង​ទឹក​ដែរ ។

រោគសញ្ញា​ជំងឺ​ផ្តាសាយ​ធំ​រួម​មាន​: គ្រុនក្តៅ​លើស​ពី ៣៨.៥អង្សាសេ និង​មាន​ក្អក ឫឈឺក និង​ករណី​ខ្លះ​អាចវិ​វត្ត​ន៏​ទៅ​ហត់ ។

សម្រាប់​ការ​ព្យាបាល​វិញ​គឺ: ប្រើ​ថ្នាំ​បញ្ចុះ​កំដៅ ផឹក​ទឹក​ឲ្យ​បាន​ច្រើន គេង​លក់​ស្កប់ស្កល់ កាត់​បន្ថយ​ការ​ហាត់ប្រាណ ហូប​អាហារ​សំបូរជីវ​ជាតិ​ជា​ពិសេស វី​តាមីនសេ ការ​ប្រើ​ថ្នាំ​ផ្សះ​គ្មាន​ប្រសិទ្ធិ​ភាព សំលាប់​មេរោគ​នេះ​ទេ ថែម​ទាំង​សុខភាព​ទ្រុឌទ្រោម និង​មិន​ងាយ​ជាពី​ជំងឺ​ផ្តាយ​ទៀត​ផង ។ បើការ​ព្យាបាល​៣​ថ្ងៃ​មិន​ធូរស្រាល ឫវិ​វត្ត​ន៏​ទៅ​ជាហត់​ខ្លាំង សូម​អញ្ជើញ​ទៅ​ពិ​គ្រោះ​ជំងឺ​ជា​មួយ​គ្រូ​ពេទ្យ យើង​មាន​ឱសថសំរាប់​ព្យាបាល​សំលាប់​មេរោគ​ផ្តាសាយ​ធំ ។

បើបងប្អូន​ឃើញ​រោគសញ្ញាគ្រុនក្តៅ​ច្រើន ឬ​ផ្តាសាយ​ច្រើន ក្នុង​ភូមិ ក្នុង​សាលា ឬ​កន្លែង​ធ្វើ​ការ សូម​ទាក់​ទង​លេខ 115 ដោយ​មិន​គិត​ថ្លៃ​ពីគ្រប់ប្រព័ន្ទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close