​ពលរដ្ឋ​ខ្មែរ​១៦​នាក់ ត្រូវ​ស្ថានទូត​កម្ពុជា​ជួយ​អន្តរាគមន៍​ត្រឡប់​មក​ប្រទេស​វិញ​

យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​១៦​នាក់ ត្រូវ​បាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​ប្រទេស​ចិន វៀត​ណាម ថៃ និង​អារ៉ាប៊ីសាអូឌីត ជួយ​អន្តរាគមន៍​ឲ្យ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​កាលពី​ដើម​ខែ​កក្កដា​នេះ។

ក្នុង​នោះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចិន ជួយ​សង្រ្គោះស្រ្តី​ខ្មែរ​ចំនួន​៧​នាក់ ដែល​មកពី​ខេត្ត​កំពង់ចាម កំពង់ឆ្នាំ​ង ក្រ​ចេះ តាកែវ បាត់​ដំបង និង​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​មេខ្យល់​បោកបញ្ឆោត​នាំ​ទៅ​រៀបការ​ដោយ​ខុស​ច្បាប់​នៅ ក្នុង​ប្រទេស​ចិន។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី៤ និង​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១៨។

ដោយ​ឡែកស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀត​ណាម បាន​រៀបចំ​មាតុ​ភូមិ​និ​វត្តន៍ស្រ្តី​ខ្មែរ​ចំនួន​៤​នាក់ ដែល​មេខ្យល់​បោកបញ្ឆោត​បម្រុងយក​ទៅ​រៀបការ​ជា​មួយ​បុរស​ជន​ជាតិ​ចិន នៅ​ប្រទេស​ចិន។ ស្រ្តីរង​គ្រោះ​ទាំង​នោះ​មកពី​ខេត្ត​កណ្តាល កំពង់ចាម និង​ត្បូងឃ្មុំ ត្រូវ​បាន​មេខ្យល់​នាំ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​ដល់​វៀត​ណាម​នៅ​ចុង​ខែមិថុនា ហើយ​បម្រុង​បន្ត​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រទេស​ចិន តែ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​វៀត​ណាម​ជួយ​សង្រ្គោះ​ទាន់។

ចំណែក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​សហការ​ជា​មួយ​អាជ្ញាធរ​ថៃ រៀបចំ​មាតុ​ភូមិ​និ​វត្តន៍អនីតិជន​ខ្មែរ​ចំនួន​៣​នាក់ មាន​អាយុ​ពី១៣ ដល់​១៦ឆ្នាំ មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ទទួល​រង​គ្រោះ​ដោយ​ការជួញដូរ​មនុស្ស​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​អារ៉ាប់អេហ្ស៊ី​ប បាន​សម្រប​សម្រួល​ជួយ​រៀបចំ​មាតុ​ភូមិ​និ​វត្តន៍ របស់​ស្រ្តី​បម្រើ​ការជាមេ​ផ្ទះ​ខ្មែរ​១​នាក់ ដែល​ពុំអាច​ទ្រាំទ្រការ​ងារ​នៅ​អារ៉ាប៊ីសាអូឌីត មក​ដល់​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី៤ កក្កដា ឆ្នាំ​២០១៨។

រីឯ​ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទី​ក្រុង​​ស៊ី​អាន ប្រទេស​ចិន បាន​ធ្វើ​អន្តរាគមន៍ និង​រៀបចំ​មាតុ​ភូមិ​និ​វត្តន៍ស្រ្តី​ខ្មែរ​១​នាក់ ដែល​ចាញ់​បោកមេខ្យល់ និង​ត្រូវ​បាន​អាជ្ញាធរ​ចិន​ឃាត់​ខ្លួន​ពីបទ រស់​នៅ​ដោយ​ខុស​ច្បាប់​, ស្រ្តីរង​គ្រោះ​បាន​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close