ជំនន់លិចផ្លូវជាតិលេខ៤បន្តកើនឡើង ខណៈក្រសួងប្រកាសពីភ្លៀងនៅតែបន្តធ្លាក់
ព្រះសីហនុ ៖ យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា មកទល់នឹងវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកក្កដា នេះ កំពស់ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានបន្តកើនឡើងដល់កំពស់ ៧,១០ម៉ែត្រ ។ ដោយពេលនេះ ទឹកជំនន់កំពុងបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពានប្រវែងប្រមាណ១គីឡូម៉ែត្រ ក្នុងកម្ពស់ពី ១ម៉ែត្រ៥០ ទៅ១ម៉ែត្រ៦០។
ព្រមជាមួយគ្នានេះដែរ បើយោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករណ៍អាកាសធាតុពីថ្ងៃទី១៨ កក្កដា នេះ រហូតថ្ងៃទី២៤ ខែកក្កដា បានឲ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង ព្រមជាមួយនឹងសម្ពាធទាបសកម្ម ដែលកំពុងបង្កើនឥទ្ធិពលលើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
ដោយឡែកបណ្តារាជធានី-ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិច ទៅបង្គួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។