ប្រធានគយ​ចល័ត​លោក ផែន ​ភឿន ត្រូវបានប្រជាពល​រ​ដ្ឋស្នើដល់​ ACU ​ចុះអង្កេត

ខេត្តព្រៃវែង៖ ​ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការ​ថ្នាក់ទាប រស់នៅ​​​ខេត្ត​ព្រៃវែង បានស្នើដល់​​ ឯកឧត្តម ឱម ​យ៉ិន​ទៀង ប្រធាន​​អង្គភាពប្រឆាំង​អំពើពុករលួយ ចុះស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ភាពមិនប្រក្រតី របស់ លោក ផែន ភឿន ​ប្រធាន​គយ​ចល័ត​​ផ្លូវ​ជាតិ​​លេខ១ និងគូកន បានឃុបឃិត​អនុញ្ញាតឲ្យ​​​មាននាំ​ចូល​ទំនិញគេចពន្ធ​បង្កប់តាមរថយន្តក្រុងដឹកអ្នក​ដំណើរ និងរថយន្តដឹកទំនិញធុនធំមួយចំនួនទៀត ដឹក​ចេញ​ពី​ប្រទេសវៀត​ណាម​ ចូលមកក្នុងប្រទេសកម្ពុជា ។

ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង បានអះអាងថា លោក ផែន ភឿន ​ប្រធាន​គយ​ចល័ត​​ផ្លូវ​ជាតិ​​លេខ១ កំពុងត្រូវប៉ាន់​ជាមួយ​ការ​ប្រមូល​​លុយដាក់ខែ​ពីរថយន្តក្រុង​ដែរបង្កប់​​ទំនិញ​គេចពន្ធ​ ដោយ​ក្នុងរថយន្ត​១គ្រឿង ត្រូវបង់​លុយ​​​​​រាប់​​ពាន់​ដុល្លារ​​អាមេរិក​​ក្នុង១ខែ​ៗ ​ដើម្បីជាថ្នូរ​​នៃការបើកភ្លើងខៀវ​​អោយក្រុម រថយន្តក្រុងទាំងនោះ និងមិ​ន​ផាក​ពិន័យ​​​​​បង់​ពន្ធចូលរដ្ឋ​​​ជាដើម​។​
ប្រភពបានឲ្យដឹងថា ​អាជីវករលក់​ម៉ូតូអត់ពន្ធ​ នៅទីប្រជុំជន​​ផ្សារអ្នក​លឿង​ មួយចំនួននៅក្នុង ស្រុក​ពាមរ៍ ក៏​​តម្រូវឲ្យពួកគេ​​​​បង់លុយដាក់ខែ ដោយក្នុង១ខែ​ៗ ត្រូវ​បង់​លុយ​ចាប់​​ពី ​៤០០ដុល្លារ​ ទៅ៦០០ដុល្លារ​​សម្រាប់ហាង ឬទីតាំង​លក់ម៉ូតូអត់ពន្ធ​១​កន្លែង​​ ទៅអោយលោក ផែន ភឿន ​ប្រធាន​គយ​ចល័ត​​ផ្លូវ​ជាតិ​​លេខ១។

លោក  ផែន ភឿន ប្រធាន​​គយ​ចល័យ​តាម ផ្លូវ​ជាតិលេខ១ត្រូវបានពួកឈ្មួញចោទថា  ​កំពុង​​ធ្វើ​ឲ្យ ឈ្មួញ​ឬ​ពាណិជ្ជករ  ទាំង​អ្នករក​ស៊ី​ស្របច្បាប់ និងល្មើស​ច្បាប់​ មិនពេញចិត្តជាខ្លាំង ព្រោះ​រាល់ថ្ងៃនេះ លោក  ផែន ភឿន បាន​ដាក់​កុងត្រូល​ជជុះ​​​តាម​​​​ផ្លូវជាតិលេខ១ និងប្រើរថយន្តសម្រាប់បើក​ដេញតាម ​ចាប់​​​​​រថយន្តដឹក​ផ្លែឈើ  និង​រថយន្ត ដឹក ទំនិញ ផ្សេងទៀត​ ដោយ​​​បាន​គាប ​ឲ្យឈ្មួញ ឬអាជីវកររកស៊ីនាំ ចូល​ទំនិញ​ដឹកតាមផ្លូវជាតិ លេខ១ពីប្រទេសវៀត ណាម គាប ឲ្យ​​ បង់លុយ​ច្រើនសន្ធឹកសន្ទាបទៅ​ ឲ្យក្រុម​ខ្លួន​​ជាប្រចាំ​ថ្ងៃ និង​ដាក់​​ប្រចាំ ខែ​តាម​ការព្រម​ ព្រៀង ប៉ុន្តែមិន មានចេញ លិខិត ស្នាម ឬវិក្កយបត្រជូន ទេ​។​

​ចំពោះបញ្ហានេះ  ក្រុមឈ្មួញមួយចំនួន ដែលត្រូវ  លោក ផែន ភឿន ប្រធានគយចល័ត ផ្លូវជាតិលេខ១​ បានបញ្ជា​ ឲ្យ​​​មន្ត្រី​ជំនាញ​ ក្រោម​​ឱវាទ​​ខ្លួន ​​ចុះ​​គាប​​​លុយ​​ពី​​របររកស៊ីដឹក ទំនិញបន្លែផ្លែឈើ​​ ​រត់ពន្ធ​ម៉ូតូ​​ និងទំនិញ​ផ្សេងៗ  ​​នាំ​ចូល​​​តាម​ច្រក​​ទ្វារ​​ មួយ​​ចំនួន ​នៅ​ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង​  គឺការផាក​ពិន័យពីពួកគេ ដោយ​មន្ត្រីគយ​ចល័ត​​ទាំងនោះ មិនបានចេញ វិក្កយបត្រ​ជូនពួកគាត់​ទេ​។
​ងាកមក​អាជីវករ​តូចតាច​​​ឲ្យដឹងដែរថា ​សម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោង ចេញ​ពីប្រទេសវៀតណាម ​ឆ្លងកាត់​ទី​ស្នាក់​​ការ​គយ​ចល័យផ្លូវជាតិលេខ១ ក៏ត្រូវក្រុម​លោក ផែន ភឿន ​តម្រូវ​ឲ្យ​​បង់លុយឲ្យ​មន្ត្រី​ខ្លួន​ចំនួន​១៥០,​០០០​​រៀល ក្នុង​​រ៉ឺម៉ក១គ្រឿង​​ជាដាច់ខាត​។ រីឯ​រ៉ឺម៉កម៉ូតូ​ដឹកបន្លែវិញ គឺត្រូវលោកគយ តម្រូវឲ្យបង់លុយ​ជូន​​ចាប់ពី ៣ ទៅ ៥ម៉ឺនរៀល ​ក្នុងការដឹក​១ជើងៗ និងសម្រាប់​រថយន្ត​សាំយ៉ុង​​​ដឹកបន្លែផ្លែ​ឈើវិញ គឺត្រូវបង់​ចាប់​ពី ​៨​ទៅ​១៥ម៉ឺនរៀល ក្នុង​រថយន្ត​១គ្រឿង​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close