មនុស្សជាង១រយនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារល្មើសនឹងបំរាមនៃការបិទខ្ទប់រាជធានីភ្នំពេញ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ឲ្យដឹងកាលពីល្ងាចមិញថា ក្នុងរយៈពេល​១សប្តាហ៍ នៃការបិទខ្ទប់រាជធានីភ្នំពេញ ដោយ​គិតពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១២៧នាក់ ដែលបានល្មើសនឹងបំរាមកំឡុងការបិទខ្ទប់។

ក្នុងចំណោមមនុស្សទាំង ១២៧នាក់នោះ តុលាការបានចេញដីកាឃុំខ្លួនចំនួន ៦នាក់ , កំពុងសាកសួរនៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ២នាក់ , ធ្វើការ អប់រំណែនាំរួចដោះលែងចំនួន ៧នាក់ និងពិន័យអន្តរការណ៍ចំនួន១០៧នាក់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ រយៈពេល​១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ​១៩ ដោយគិតចាប់ពីម៉ោងសូន្យ​ថ្ងៃទី១៥ ខែមេសា រហូត​ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យ​ធ្វើដំណើរ ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close