អង្គភាពប្រឆាំងអំពើពុករលួយគួរពិនិត្យមើលរឿងប្រធាននាយកដ្ឋាននីតិកម្មកសិកម្មឃុបឃិតជាមួយក្រុមហ៊ុន ងី ហេង នាំចូលជីកសិកម្មលើសពីច្បាប់កំណត់

  1. ភ្នំពេញៈ បែកធ្លាយរឿងអាស្រូវរបស់លោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្ម កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយក្រុមហ៊ុន ងី ហេង ក្នុងការនាំចូលជីកសិកម្មមកពីប្រទេសជិតខាងចូលមកកម្ពុជា ដោយលើសពីច្បាប់កំណត់ គឺគោលការណ៍អនុញ្ញាតឲ្យនាំចូលតែ ២០៨០០តោន ប៉ុន្តែក្រុមហ៊ុន ងី ហេង បាននាំចូលចំនួន ៥០ ០០០តោន ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ?។

ជីកសិកម្មដែលនាំចូលពីប្រទេសជិតខាង គឺមានប្រភេទខ្លះបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិកប្រជាពលរដ្ឋថែមទៀតផង។ករណីនេះ មានក្រុមមន្ត្រីមួយចំនួន នៃនាយកដ្ឋាននីតិកម្ម កសិកម្ម បានធ្វើរបាយការណ៍ជម្រាបជូនទៅលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការនៅឡើយទេ។ ប៉ុន្តែប្រភពបានបង្ហើបថា រឿងនេះ លោករដ្ឋមន្ត្រីបានដឹងអស់ហើយ ប៉ុន្តែដោយសារតែមានការទៅលន់តួរបស់លោកលោកភុំ រ៉ា ទើបធ្វើឲ្យលោករដ្ឋមន្ត្រីនៅសម្ងំស្ងៀមគ្មានចំណាត់ការនោះ?។

ចំពោះករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ គួរតែពិនិត្យមើលករណីលោកភុំ រ៉ា ប្រធាននាយក ដ្ឋាននីតិកម្ម កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយក្រុមហ៊ុន ងី ហេង នាំចូលជីកសិកម្មមកពីប្រទេសជិតខាងចូលមកកម្ពុជាលើសពីច្បាប់កំណត់។
យោងតាមឯកសារចំនួន៨ទំព័រ ដាក់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសង្គម និងយុត្តិធម៌ ទទួលបាន គឺបានបង្ហាញថា ចាប់តាំងពីលោកភុំ រ៉ា ឡើងជាប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម គឺតែងតែមានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

របាយការណ៍បានបញ្ជាក់ថា “លោក ប្រធាននាយកដ្ឋានធ្វើការបែងចែកការងារ និងចុះបេសកកម្មដោយមិនស្មើភាព គ្មានតម្លាភាព គ្មានគណនេយ្យភាព ប្រកាន់បក្ខពួកនិយម មន្ត្រីខ្លះទទួលបេសកកម្មតិច មន្ត្រីខ្លះទទួលបេសកម្មច្រើន មន្ត្រីខ្លះសឹងតែមិនមានការងារធ្វើ។
លោកប្រធាននាយកដ្ឋានតែងតែធ្វើការសម្រេចចិត្តលើគ្រប់ការងារធំតូចទាំងឡាយ ដោយអត្តនោម័ត ដោយផ្តាច់ការ បង្កអរិភាព ដោយគ្មានការប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនាយកដ្ឋានទាំងអស់។
លោកប្រធាននាយកដ្ឋាន មិនគោរពតាមគោលការណ៍ឯកភាពរបស់ថ្នាក់ដឹកនាំ និងឯកឧត្តមរដ្ឋមន្ត្រី ដោយហ៊ានសម្រេចអោយក្រុមហ៊ុននាំចូលដោយចិត្តឯង ដូចជាលិខិតអនុញ្ញាតនាំចេញនាំចូលជីកសិកម្ម ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់អោយក្រុមហ៊ុន ងី ហេង នូវបរិមាណនាំចូលចំនួន ៥០ ០០០តោន តែជាក់ស្តែងគោលការណ៍អនុញ្ញាតផ្តល់អោយតែ ២០៨០០តោន។

លោកប្រធាននាយកដ្ឋានតែងតែប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងជាច្រើន ក្នុងការរត់ឯកសារអាជីវកម្មក្រុមហ៊ុន ដោយមិនអោយធ្វើទៅតាមនីតិវិធីជាធរមាន រំលងមន្ត្រីជំនាញ និងថ្នាក់ថឹកនាំទទួលបន្ទុកទាំងអស់។ សៀវភៅកត់ត្រាលេខរដ្ឋបាល ជាពិសេសសៀវភៅលេខលើលិខិតអនុញ្ញាតក្រុមហ៊ុនអាជីវកម្មខាងការិយាល័យបមាណីយសម្ភារកសិកម្ម ត្រូវបានរក្សាទុកក្នុងបន្ទប់លោកភុំ រ៉ា រហូត ទោះបីលោកប្រធានទៅបំពេញបេសកម្ម ក៏ត្រូវជាប់សោក្នុងបន្ទប់លោកភុំ រ៉ា ដែរ ដែលនេះបញ្ជាក់អំពីការអនុវត្តការងារផ្ទុយពីគោលការណ៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែជម្រុញអោយការងារបម្រើសេវាសាធារណៈបានលឿនជូនអតិថិជនរបស់ឯកឧត្តមរដ្ឋមន្ត្រីសម្រេចគោលការណ៍ឯកភាពរួចហើយ តែបែរជាត្រូវរង់ចាំសៀវភៅចុះលេខចេញពេលលោកភុំ រ៉ា ត្រឡប់មកពីបេសកកម្មវិញ”។ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកភុំ រ៉ា មិនអាចទំនាក់ទំនងបានទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close