សាលាខេត្ត​ស្វាយរៀង បំភ្លឺ​រឿង​លួច​កាប់​ដើម​ធ្នង់ នៅ​សាលាខេត្ត​តម្លៃ​ប្រមាណ​ជិត​១​លាន​ដុល្លារ ដោយ​មិនដឹង​

ស្វាយរៀង​៖ ក្រោយ​បែកធ្លាយ​រឿងអាស្រូវ បាត់​ដើម​ធ្នង់​មួយ​តម្លៃ​ប្រមាណ​ជិត​១​លាន​ដុល្លារ​នៅក្នុង​បរិវេន​សាលាខេត្ត​ស្វាយរៀង គ្មាន​អ្នកដឹង​។ លោក​ងួន ខាន់ មន្ត្រី​សាលាខេត្ត​ស្វាយរៀង និង​ជា​ជំនួយការ​អភិបាលខេត្ត​ស្វាយរៀង បាន​ចេញមក​បកស្រាយ​ថា ដើម​ធ្នង់​នោះ​មិនមាន​ជន​ណា​លួច​កាប់​ទៅរួច​នោះទេ ពោលគឺ​អាជ្ញាធរ​ជា​អ្នក​កាប់​ដើម្បី​ការពារ​សុវត្ថិភាព ព្រោះ​វា​ងាប់ និង​ពុក ខ្លាចក្រែង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។​

លោក​បាន​បន្ថែមថា “​ពិតជា​មាន​ករណី​កាប់​ដើម​ធ្នុង​នោះ​មែន ព្រោះ​ដើមឈើ​នេះ​វា​ងាប់ និង​ពុក​ខ្លាចក្រែង​បាក់​ធ្លាក់​សង្កត់​មនុស្ស និង​រថយន្ត​ដែល​ទុក​ក្រោម​ដើមឈើ​នេះ ហើយ​ពុំបាន​យកទៅលក់​នោះទេ​គឺ​ទុក​សម្រាប់ធ្វើ​តុ​និង​កៅអី​ដាក់​សាលាខេត្ត​តែ​ដើមឈើ​នេះ​វា​ពុក​ច្រើន​ឥឡូវ​ជាង​ធ្វើបាន​តុ​ពីរ​ហើយ​ដែរ​”​។​

​បើតាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹងថា សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា នាពេល​កន្លងមកនេះ​ដោយ យោងតាម ការស្នើសុំ​របស់​មន្ត្រីរាជកា​រ​សាលាខេត្ត និង​បាន​ពិនិត្យឃើញថា​ដើមឈើ ១​ដើម ជា​ប្រភេទ​ដើម​ធ្នង់ ដែល​បាន​ដាំ​នៅពេល​រៀបចំ​អគារ​សាលាខេត្ត (​មាន​អាយុកាល​ប្រមាណ​ជា ៥០​ឆ្នាំ ទៅ​៦០​ឆ្នាំ មិនមែន ២០០​ឆ្នាំ​នោះទេ​) ស្ថិតក្នុង​បរិវេណ​សាលាខេត្ត​ស្វាយរៀង មាន​សភាព​ចាស់ ពុកផុយ និង​ងាប់​ជ្រុះ​ស្លឹក ដែល​អាច​នឹង​បាក់ ឬ​ដួលរលំ ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​បក់​ខ្លាំង បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​និង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ម​ន្ត្រី​រាជការ​បម្រើការ​ងា​រ នៅក្នុង​សាលាខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​មក​ទទួល​សេវា រដ្ឋបាលខេត្ត​ស្វាយរៀង បានសម្រេច​ធ្វើការ​កាប់​ផ្ដួល​ដើមឈើ​នេះ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ (​មិនមែន​ថ្ងៃ ស មុន​បោះឆ្នោត ១​ថ្ងៃ​នោះទេ​) គឺ​ពុំមាន​ចោរ​ណា​លួច​ចូល​កាប់​នោះឡើយ ។​

​ចំពោះ ចំណែក​នៃ​ដើមឈើ​នេះ ស្ទើរតែ​ទាំងស្រុង​គឺមាន​សភាព​ពុកផុយ និង​ប្រហោង​ក្នុង ពោល​មាន​ប្រមាណ​តែ ៤០% ប៉ុណ្ណោះ ដែល​នៅ​អាច​ប្រើប្រាស់​បាន ហើយ​រដ្ឋបាលខេត្ត​បាន​រក្សាទុក​សម្រាប់​កែច្នៃ​ជា​តុ កៅអី និង​គ្រឿង​សង្ហា​រឹម​ផ្សេងទៀត​តាម​ការជាក់ស្ដែង​បម្រើ​ឲ្យ​ការប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅក្នុង​សាលាខេត្ត ។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​មានការ​ភ័ន្តច្រឡំ​ដូច​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ដែលមាន​លក្ខណៈ​ញុះញង់ បំភ្លៃ និង​បំប៉ោង​ព័ត៌មាន ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close