តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ

ភ្នំពេញ៖ តារា​សម្ដែង លោក ញ៉ែម សុគន្ធ បាន​រងរបួស​ធ្ងន់ បន្ទាប់ពីបើករថយន្តលឿនពេក រេទៅបុកនឹងក្បាលរបាំងពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ និង៥០ នាទី យប់យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុុ គាត់​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​តារា​សិល្បៈ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាក Toyota Highlander មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។

លុះ​មកដល់ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញ​រថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​ក្បាលរបាំងចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាល​ឱ្យតារាសម្ដែងរូបនេះ រងរបួស​ធ្ងន់ ដោយបាន​ខ្ទាតលោតទៅបុកផ្ទប់នឹងកញ្ចក់រថយន្ត ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម។

ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និង​ខនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់​របាត់រប៉ាយ។ សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​នៅពេលក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close