តុលាការ​ឃុំខ្លួន​បុរស​ម្នា​ក់រឿង​បន្លំ(Hack) យកគណនីហ្វេសប៊ុក របស់ពិធីការិនីទូរទស្សន៍ម្នាក់ យកទៅបង្ហោះ​ក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើឱ្យ​នាង​អាប់ឱន និង​ខូច​កេរ្តិ៍ឈ្មោះ

​ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ លោក ហន សុខខេមរិន្ទ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ​ ចោទប្រកាន់ពីបទក្លែងបន្លំគណនីហ្វេសប៊ុ​ក (Hack) របស់ពិធីការិនីទូរទស្សន៍ម្នាក់និងបរិហាកេរ្តិ៍​ជា​សាធារណៈ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ​

ជនជាប់ចោទឈ្មោះ តាំង សុ​ភិន អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ញាតិ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ជនរូបនេះធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន​ម្តង​ពាក់ព័ន្ធ​ករណី​បៀតបៀន​កេរ្តិ៍ខ្មាស​ម្តង​ហើយ​។​ ដើមបណ្តឹងជាជនរងគ្រោះ ដែលត្រូវគេក្លែងបន្លំគណនីហ្វេសប៊ុ​ក (Hack) មានមុខ​របរ ជា​ពិធី​ការិនី​ទូរទស្សន៍ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សូមរំឭកថា​សមត្ថកិច្ច បាន​ឃាត់ខ្លួន បុរស​រូបនេះ កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​យោងតាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាក់ថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន ហេ​ក (Hack) ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​យកទៅ​ប្រើ​និង​បង្ហោះ​ក្នុងន័យ​បង្ខូច​បរិហារកេរ្តិ៍ ធ្វើឱ្យ​នាង​អាប់ឱន និង​ខូច​កេរ្តិ៍ឈ្មោះ ទើប​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ឲ្យ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌​តែម្តង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close