២ខែ កម្ពុជា រឹបអូសបានផលិតផលក្លែងក្លាយទ្រង់ទ្រាយធំ ជិត១រយតោន
រយៈពេល២ខែ គឺអំឡុងខែ ឧសភា និង ខែកក្កដា ក្នុងឆ្នាំ២០១៨ នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានធ្វើការបង្ក្រាប និងរឹបអូសផលិតផលិតផលក្លែងក្លាយ បាន៨៨ តោន ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានស្ថាប័ននេះ បានប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទកាសែតមួយឯក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៦ សីហា ម្សិលមិញថា ក្នុងអំឡុងខែឧសភា និងកក្កដា ឆ្នាំ ២០១៨ នេះ សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសបានចំនួន៤ករណីធំៗ ដែលក្នុងនោះរួមមាន៖
ទី១៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដកហូតបានវត្ថុតាងចំនួន១០មុខ ស្មើនឹង៧តោន ។
ទី២៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីបើកទីតាំងផលិតប៉ាតេ មិនអនុលោមតាមច្បាប់ ស្ថិតនៅផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានវត្ថុតាងចំនួន១៤មុខ ស្មើនឹង៥តោន។
ទី៣៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់ ស្ថិតនៅផ្ទះលេខ២E0 ផ្លូវ២២៦ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដកហូតបានវត្ថុតាង១៣មុខ ស្មើនឹង១៨តោន។
និងទី៤៖នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីនាំចូល ផលិត និងវិចខ្ចប់ក្លែងក្លាយ និងខុសច្បាប់ នូវផលិតផលទឹកសុទ្ធម៉ាក Saint Amand, ទឹកសុទ្ធម៉ាក Evain, ស្រាបៀ Corona និងផលិតផលមួយទៀត ស្ថិតនៅផ្ទះលេខ១០៣B ផ្លូវលំ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតវត្ថុតាងចំនួន១៣មុខ ស្មើនឹង៥៨តោន។
បើតាមការបញ្ជាក់ របស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ថា ក្រុមការងាររបស់លោកធ្វើការចាត់វិធានការ តែបទល្មើសក្លែងក្លាយក្នុងទ្រង់ទ្រាយធំៗតែប៉ុណ្ណោះ , ចំណែកបទល្មើសដែលមានទំហំតូច គឺជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។