ការងារ​ជួសជុល​ប្រាសាទ​ផ្ទី បានបញ្ចប់​ហើយ​

ខេត្តសៀមរាប​៖ ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​និង​ក្នុង​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី ដែល​ស្ថិតនៅ​កណ្ដាល​បារាយណ៍​នៃ​ប្រាសាទបេង​មាលា​។ គម្រោង​ជួសជុល​នេះ គឺធ្វើឡើង​ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​។​

​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍ថា គម្រោង​ជួសជុល​ប្រាសាទ​ផ្ទី​បានសម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ ឧសភា នេះ បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ មេសា​។ នៅ​ដើមខែ មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនា​សម្ពន្ធ​ប្រាសាទ​នេះ​បានចាប់ផ្តើម និង​ឈានដល់​ការជួសជុល​លើក​តម្លៃ​ឡើងវិញ ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកជំទាវ​ហេម​ចិ​ត្តា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។

​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន គម្រោង​ជួសជុល​នេះ​មានការ​លំបាក​បន្ដិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ដែល​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណា ឯកឧត្តម គឹម សុ​ធិ​ន បានបង្ហាញ​សុទិដ្ឋិនិយម និង​អារម្មណ៍​រីករាយ​ជាខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​នេះ ពិសេស​ប្រាសាទ​ដែល​បាន​ដួលរលំ​ឃើញតែ​គំនរ​ដុំថ្ម​ហើយ​បាន​ខិតខំ​រក​ផ្គុំ​ឱ្យមាន​រូបរាង​ឡើងវិញ​។​

​ប្រាសាទ​ផ្ទី​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការេ ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ ។ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់ ៦,៥​ម៉ែត្រ អំពី​ថ្មភក់ ដែល​ទំនងជា​ត្រូវបាន​សាងសង់ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ទៅ​ចុង​សតវត្ស​ទី​១២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close