សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួនអ្នកគួកជេដីម្នាក់​ ពីបទប្រើហិង្សា និង​ប្រឆាំង​នឹង​អ្នក​រាជការ

អ្នកគួកជជេដីម្នាក់​នៅ​ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ចុះ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់ថា ឈ្មោះ ផូ ស៊ីផា អាយុ៤៦ឆ្នាំ រស់​នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគងខេត្ដសៀមរាប មុខរបរគួកជេរដី។

យោងតាមបណ្តឹងរបស់លោកស្រី ផាត់ សុជឿន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានប្តឹង ឈ្មោះ ផូ ស៊ីផា ពីបទ“ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយ សុចរិត” និងបទ “ប្រឆាំង និងអ្នករាជការ“ ប្រព្រឹត្តទៅនៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមខ្លឹមសារនៃបណ្តឹង បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នោះ គណៈកម្មការសុរិយាដីខេត្ត និងស្រុកបន្ទាយស្រី បានចុះបោះបង្គោលព្រំ លើក្បាលដីជាប្រភេទប្លង់រឹងទាំង៦ក្បាលដី ដែលមានចំនួនសរុប២១.៤ហិកតា នៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ជិតទីតាំងគម្រោង បុរីអង្គរលែន ម៉ាក្ស)។ ក្នុងពេលដែលក្រុមគណៈកម្មការចំរុះ កំពុងប្រតិបត្តិការស្រាប់តែលោក ផូ ស៊ីផា បានចុះមករារាំងដកបំផ្លាញបង្គោលព្រំ ដោយការស្រែកជេរប្រមាថជាមួយចារឹកច្រងេងច្រងាងបែបមនុស្សពាល មកលើសមត្ថកិច្ច និងម្ចាស់ដី កំពុងអនុវត្ត តួនាទីរបស់ពួកគេ។ ជាងនោះទៅទៀត ឈ្មោះ ផូ ស៊ីផា បានយកគ្រឿងចក្រអ៊ីចស្ការ មកកាយហ៊ុមព័ទ្ធព្រំ ដីរំលោភលើដីស្របច្បាប់ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់រឹង) ត្រឹមត្រូវ ក្នុងគោលបំណងលក់ទៅឲ្យ​ក្រុមហ៊ុនពុះឡូត៍ក្នុងស្រុកមួយ។

បើតាម​អ្នក​ដឹងរឿងរ៉ាវនេះខ្លះថា ក្រៅពីបណ្តឹងចាប់ខ្លួនខាងលើ បច្ចុប្បន្នឈ្មោះ ផូ ស៊ីផា ក៏មាន បណ្តឹងជាច្រើនទៀត បានប្តឹងចូលទៅកាន់តុលាការ ពី “បទក្បត់ទំនុកចិត្ត”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close