ពិភពលោក បាន​ចាក់​វ៉ាក់សាំង​ជាង ២,១​ពាន់​លាន​ដូ​ស​ហើយ​ជូន​ពលរដ្ឋ​

​សារព័ត៌មាន​AFP បាន​ផ្សាយ​នៅ​ថ្ងៃទី​៣​ខែមិថុនា ថា ក្នុង​រយៈពេល​៦​ខែ​ដែល​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង មាន​វ៉ាក់សាំង​ជាង ២,១​ពាន់​លាន​ដូ​ស​ហើយ​បាន​ចាក់​ជូន​ពលរដ្ឋ​។ មាន​ប្រទេស​ចំនួន ២១៥ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​។​

​ភាគច្រើន​ការចាក់​វ៉ាក់សាំង​ធ្វើឡើង​ដោយ​រដ្ឋាភិបាល ដោយមាន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​យឺតយ៉ាវ​មាន​ប្រទេស​មួយចំនួន​បានសម្រេច អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​បញ្ជា​ទិញ​វ៉ាក់សាំង​ដោយ​ខ្លួនឯង​ចាក់​ជូន​ពលរដ្ឋ​។ នៅពេលនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី បានអនុញ្ញាត​ឲ្យ មន្ទី​ឯកជន​នានា​នៅ​ទូទាំងប្រទេស​អាចធ្វើ​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​ខ្លួនឯងបាន ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដែលមាន​តម្រូវ​ការចាក់​វ៉ាក់សាំង​។​

​សារព័ត៌មាន CNA នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែមិថុនា ឆ្នាំ​២០២១ បាន​ដកស្រង់​សំដី រដ្ឋមន្ត្រីក្រសួង​សម្របសម្រួល​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​ម៉ាឡេស៊ី​ន​លោក Khairy Jamaluddin នៅ​ថ្ងៃទី​៣​ខែមិថុនា​ថា រដ្ឋាភិបាល​របស់​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន​នានា​នៅ​ទូទាំងប្រទេស អាចធ្វើ​ការបញ្ជាទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯងបាន ក្នុងនោះ​រាប់បញ្ចូល​ទាំង​វ៉ាក់សាំង​ដែល​មិន​ត្រូវបាន​ប្រើ​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជាតិ តួយ៉ាង​ដូចជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និង Sinopharm ជាដើម​។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត បន្ទាប់ពី​បាន​ទៅ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយកន្លែង​ក្នុង​រដ្ឋ Penang នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មិថុនា​នេះ លោក Khairy បាន​និយាយថា មន្ទី​ពេទ្យ​ថ្នាក់​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន​នានា​ក្នុងប្រទេស​ម៉ាឡេស៊ី​អាច​បញ្ជា​ទិញ​វ៉ាក់សាំង​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន ដរាបណា​វ៉ាក់សាំង​ទាំងនេះ​ត្រូវបាន​យល់ព្រម​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​

​លោក Khairy បាន​មានប្រសាសន៍ថា «​ប្រសិនបើ​រដ្ឋាភិបាលរ​ដ្ឋ​ចង់​ទិញ​វ៉ាក់សាំង​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​នាំ​វ៉ាក់សាំង​ទាំងនោះ​ចូល ពួកគេ​អាច​បន្ត​ធ្វើបាន​។ យើង​ថែមទាំង​អាច​ទាំង​ជួយ​សម្របសម្រួល​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឱសត​ទៀតផង​»​។​

​លោក​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​របស់​រដ្ឋ ឬ​មន្ទីរពេទ្យ​ឯកជន​ត្រូវការ​ចុះបញ្ជី​ការទិញ​ទាំងនេះ​ជាមួយ​ទីភ្នាក់ងារ​និយតកម្ម​ឱសថ​ជាតិ នៃ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ជាការ​ស្រេច​។​

​ទោះយ៉ាងណា ប្រសិនបើ​ភាគី​ទាំងនេះ​មានបំណង​ចង់​ទិញ​វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រើ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជាតិ​នាពេល​បច្ចុប្បន្ន​ដូចជា វ៉ាក់សាំង Sinovac និង Pfizer នោះ ពួកគេ​នឹងត្រូវ​រង់ចាំ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាចបំពេញ​ការបញ្ជាទិញ​របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​ជាមុនសិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close