បញ្ជូន​ជនជាតិ​ចិន​៣​នាក់ ទៅកាន់​តុលាការ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​

​ព្រះសីហនុ ៖ ជនជាតិ​ចិន​៣​នាក់ ដែល​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល ឲ្យ​ស្លាប់ និង​រងរបួស​អ្នកដទៃ ចំនួន​៣​ករណី​ផ្សេងគ្នា ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន និង​រៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។​

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា​៖ ករណី​ទី​១៖ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជូន​ខ្លួន​អ្នកបើកបរ​រថយន្ត ជនជាតិ​ចិន ឈ្មោះ WANG HUAN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E89930490 មុខរបរ​បុគ្គលិក​កាស៊ីណូ ស្នាក់នៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​កាស៊ីណូ ហ្គោល​ឌែ​ន ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ បើករថយន្ត​ថយក្រោយ បុក​ទ្វារ​កញ្ចក់ និង​បុក​អ្នក​ថ្មើរជើង​ឈ្មោះ ហ៊ុន សុផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​។​

ករណី​ទី​២៖ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៤៨-១៤៩ ស្ថិតនៅ​ក្នុងភូមិ​គី​រី​វ័ន ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ មួយ​កើតឡើង បង្កដោយ​រថយន្ត​១​គ្រឿង​ម៉ាក HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2P-2033 បើកបរ​ដោយ​ឈ្មោះ FANG GUANG FENG អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EC3926985 មុខរបរ​លក់ដូរ ស្នាក់នៅ​ខណ្ឌ​សែន​សុខ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ 1F-1868 បើកបរ​ដោយ​ឈ្មោះ ទិ​ត សុជា អាយុ​៣១​ឆ្នាំ មុខរបរ​លក់​តា​ប៉ែ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​(​ទិសដៅ​ផ្ទុយគ្នា​)​។​

ភ្លាមៗ​នោះ​អ្នកបើកបរ​ម៉ូតូ បាន​ខ្ទាត​មកលើ​ផ្លូវ​ក៏មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក TOYOTA VIP ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AB-3073 ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន មេគង្គ​អ៊ិ​ច​ប្រេ​ស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​កិន​ពីលើ​អ្នកបើកបរ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ ចំណែក​រថយន្ត​ម៉ាក HIGHLANDER រត់គេច រហូតដល់ ចំណុច​មុខរោ​ចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតនៅ​ក្នុងភូមិ​បិត​ត្រាង ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាង ស្ទាក់​ចាប់បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​បើកបរ​។ ចំណែក​អ្នកបើកបរ​រថយន្ត TOYOTA VIP រត់គេចខ្លួន​បាត់​ក្រោយពេល​កើតហេតុ ។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ FANG GUANG FENG បាន​នាំខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។ វត្ថុតាង រថយន្ត​TOYOTA VIP និង ម៉ូតូ​១​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា និង​រថយន្ត​ម៉ាក HIGHLANDER បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។​

ករណី​ទី​៣៖ វេលា​ម៉ោង​១:១០​នាទី​យប់ ថ្ងៃ​សុក្រ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​ឯករាជ្យ​ត្រង់ចំណុច​ស្តុ​ប​៣៣៣ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្កដោយ​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 2B-3687 បើកបរ​ដោយ​ឈ្មោះ CHENG GIMAN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E00498881 (​គ្មាន​ប័ណ្ណបើកបរ និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ​ជាតិ​អាកុល​) មុខរបរ​លក់ដូរ​ស្នា​ក់នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី​លិច ឆ្កោះ​ទៅ​កើត​។​

​លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ម៉ាក PORSCHE ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AK-3336 អ្នកបើកបរ​ដោយ​ឈ្មោះ PERERA WPATABENDEGE S.N ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ស្រីលង្កា សញ្ជាតិ​ស្រីលង្កា កាន់​លិខិតឆ្លងដែន​លេខ N6652131 មុខរបរ​អគ្គនាយក​ក្រុមហ៊ុន ស្នាក់នៅ​ភូមិ​១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មាន​ទិសដៅ​ស្របគ្នា​។​

​ករណី​គ្រោះថ្នាក់​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ទេ បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង​កំរិតធ្ងន់ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។ ដោយសារ​អ្នកបើកបរ​បង្កហេតុ ជា​ជន​ជាតិចិន ដូច​មានឈ្មោះ​ខាងលើ មិន​ព្រម​សារភាព និង​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួនគេ​មិនមែនជា​អ្នកបើកបរ​ទេ អ្នកបើកបរ​គឺ ជា​នារី​ខ្មែរ​ម្នាក់ ដែល​រូបគេ​ស្គាល់​នៅ​ហាង​ផឹកស៊ី (​មិន​ស្គាល់ឈ្មោះ​) ជា​អ្នក​ជូន​រូបគេ​ទៅរក​កន្លែងដេក​។​

​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ និង​មាន​សាក្សី​បញ្ជាក់ កម្លាំង​ជំនាញ​បាន​សន្និដ្ឋានថា អ្នកបើកបរ​រថយន្ត​ម៉ាក LEXUS RX300 បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ជន​ជាតិចិន​ឈ្មោះ CHENG GIMAN ភេទ​ប្រុស ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង បញ្ចូនទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close