ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ក្រៅ​រដ្ឋសភា ចាប់ផ្តើម​ហើយ​

ជំនួប​រវាង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនិង​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត បានចាប់ផ្តើម​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ ឯ​វិមាន​សន្តិភាព​។​

​តាម​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ​នៅលើ​បណ្តាញ​សង្គម កិច្ច​ជំនួប​នេះ គឺ​នឹង​ពិភាក្សា​ក្នុងការ​បង្កើត “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​” រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​កន្លង​មកនេះ​។ សម្តេច​ថា ការចូលរួម​ផ្តល់នូវ​មតិយោបល់​ច្រើន គឺ​រមែង​នាំមក​នូវ​ផលប្រយោជន៍​វិជ្ជមាន​ល្អៗ​ច្រើន​សម្រាប់​ចូលរួម​កសាង​ជាតិ​។​

ក្នុងជំនួប​នោះ តំណាង​គណបក្សនយោបាយ​ក្រៅ​រដ្ឋសភា និង​សម្តេច​តេ​ជោ ក៏​នឹងមាន​ការហូប​អាហារ​សាមគ្គី​រួមគ្នា​ផងដែរ ដែល​បើតាម​សម្តេច​ថា គឺ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញថា​យើង​រួបរួមគ្នា​ជា​កម្លាំង​ស្នូល​នៃ​សាមគ្គីភាព​និង​ឯកភាព​ជាតិ​ពិតប្រាកដ​តាម​គន្លង​ល​ទ្ឋិ​ប្រជាធិបតេយ្យ​។​

​សូមបញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ក្នុងជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ​នេះ គឺមាន​ចំនួន​១៦​គណបក្សនយោបាយ ដោយ​អវត្តមាន​គណបក្សនយោបាយ​ចំនួន​៤ គឺ​គណបក្ស​មាតុភូមិ​យើង របស់លោក ច័ន្ទ ប៊ុន​ហន​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក យ៉េន វីរៈ , គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក ខឹម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក ក្រវ៉ា​ញ ដា​រ៉​ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close