ការប្រឡង​បាក់​ឌុប​នៅ​ព្រឹក​ថ្ងៃទី​២ មានដំណើរ​ការល្អ តែមាន​បេក្ខជន​ខ្លះ​ជួប​បញ្ហា​សុខភាព​

ស្ថានភាព​ទូទៅ នៅ​ព្រឹក​ថ្ងៃទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នេះ គឺមាន​ដំណើរការ​រលូន ស្ងប់ស្ងាត់ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ទាំង​ក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង ក៏ប៉ុន្តែ​មាន​បេក្ខជន​មួយចំនួន​បាន​ជួប​បញ្ហា​សុខភាព ដោយ​ខ្លះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខ្លះ​អាចមក​ប្រឡង​ឡើងវិញ ហើយក៏​មាន​អ្នក​ត្រូវ​បង្ខំចិត្ត​ប្រឡង​ក្នុង​រថយន្ត​សង្គ្រោះ​។​

​យោងតាម​ការផ្សាយ​រប​ស់ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ហា​ភាគច្រើន​ដែល​បេក្ខជន​ជួបប្រទះ គឺ​ការ​ថប់​ផ្លូវដង្ហើម វិលមុខ ខ្យល់ និង​ឈឺក្បាល​ជាដើម​។​

​ក្នុងនោះ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺមាន​បេក្ខជន​ម្នាក់​នៅ​មណ្ឌល​សាកលវិទ្យាល័យ​បាត់ដំបង​ត្រូវ​គ្រូ​អនុរក្ស​ជួយ​កោសខ្យល់​, បេក្ខជន​នៅ​មណ្ឌល​វិទ្យាល័យ​ក្រុង​ក្រចេះ​ខាងកើត​ម្នាក់​វិលមុខ​ខ្យល់ មិន​អាចធ្វើ​វិញ្ញាសារ​បាន ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​, បេក្ខជន​ម្នាក់ទៀត​ថប់ដង្ហើម ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រឡង​ក្នុង​ឡានពេទ្យ និង​បេក្ខជន​ម្នាក់ទៀត​មាន​ជំងឺគ្រុនឈាម ត្រូវបាន​អនុញ្ញាត​ឲ្យ​ព្យួរ​ស៊ី​រ៉ូម​ចូល​ប្រឡង​។​

​ក្រៅតែពី​បេក្ខជន ក៏មាន​អនុរក្ស​ចំនួន​២​នាក់​នៅ​មណ្ឌល​វិទ្យាល័យ​សេរី​សោភ័ណ និង​វិទ្យាល័យ​អូរ​អំបិល មាន​អាកា​រៈ​លើសឈាម វិលមុខ ហើយក៏​ត្រូវ​ទទួលបាន​ការព្យាបាល​បឋម​ដោយ​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close