វត្តមាន​យោធា​អាមេរិក នៅ​សមុទ្រ​តៃវ៉ាន់ គឺជា​ការបំផ្លាញ​សន្តិសុខ សន្តិភាព​ក្នុង​តំបន់​

​សារព័ត៌មាន Sputnik នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែកក្កដា ឆ្នាំ​២០២១​បាន​ផ្សាយ​ថា បន្ទាប់ពី​នាវា​យោធា​អាមេរិក បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ជាថ្មី​ម្តងទៀត ក្នុង​សប្តាហ៍​នេះ ក្រសួងការពារជាតិ​ចិន បាន​ចេញមុខ​ប្រតិកម្ម​ខ្លាំងៗ ដោយ​ថ្កោលទោស​ទង្វើ​នេះ ថា​ជា​សកម្មភាព​បង្កហេតុ​និង​ប្រកបដោយ​គ្រោះថ្នាក់​។​

​លោក ស្ស៉ី យី (Shi Yi) អ្នកនាំពាក្យ​យោធា​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដូច្នេះ​ថា «​សកម្មភាព​បង្កហេតុ​ស្រដៀង​គ្នា​ជា​ញឹកញាប់​របស់​សហរដ្ឋអាមេរិក បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ច្បាស់​ថា អាមេរិក​គឺជា​អ្នក​បំផ្លាញ​សុខសន្តិភាព និង​ស្ថិរភាព​ធំ​បំផុត​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អ្នកបង្កើត​ហានិភ័យ​ផ្នែក​សន្តិសុខ​ធំជាងគេ​បង្អស់​ផងដែរ នៅ​តំបន់​នេះ​»​។​

​បើតាម​លោក ស្ស៉ី នាវាចម្បាំង​អាមេរិក យូ​អេស​អេស បេន​ហ្វូ​ល (USS Benfold) ត្រូវបាន​តាមដាន​ដោយ​កងកម្លាំង​ដែនសមុទ្រ និង​ដែនអាកាស​របស់​ចិន នៅពេល​នាវា​យោធា​នេះ ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​នៅ​ចន្លោះ​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ អ្នកនាំពាក្យ​យោធា​ចិន បាន​សង្កត់ធ្ងន់ថា កងទ័ព​ចិន​ត្រៀមលក្ខណៈ​ជានិច្ច ដើម្បី​ឆ្លើយតប​ចំពោះ​ការគំរាមកំហែង និង​ការ​បង្កហេតុ​នានា ហើយ​ប្តេជ្ញា​ការពារ​អធិបតេយ្យ​ជាតិ ព្រមទាំង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចាត់ទុក​កោះ​តៃវ៉ាន់ ត្រឹម​ជា​ខេត្ត​មួយ​ប៉ុណ្ណោះ​របស់​ប្រទេស​ចិន ដូច្នេះហើយ​បញ្ហា​វិវាទ​រវាង​ភាគី​ទាំងពីរ គឺជា​កិច្ចផ្ទៃក្នុង​សុទ្ធសាធ​។ ចិន​ចាត់ទុក​បរទេស​ណា ដែល​មក​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ គឺជា​ការ​លូកដៃ​រឿង​ផ្ទៃក្នុង​របស់ខ្លួន ដែល​ពុំ​អាច​ទទួលយកបាន​ដាច់ខាត​។​

​សរុប​មកទល់​ឥឡូវ ក្នុង​ឆ្នាំ​២០២១​នេះ សហរដ្ឋអាមេរិក​បាន​ចល័ត​នាវា​យោធា​សរុប​៧​លើក​ហើយ ឲ្យ​ទៅ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ កាលពី​ឆ្នាំមុន​វិញ យោធា​ចម្បាំង​អាមេរិក​សរុប​១៥​គ្រឿង បាន​ឆ្លងកាត់​តំបន់​ច្រក​សមុទ្រ​នេះ ខណៈ​កាលពី​ឆ្នាំ​២០១៩ គឺមាន​ចំនួន​ត្រឹម​៩​លើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close