​វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន ១លានដូសទៀត ត្រូវដឹកមកកម្ពុជាព្រឹកមិញ ព្រមជាមួយជំនួយឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន​តេស្ត

នៅព្រឹកថ្ងៃទី៣១ កក្កដា នេះ កម្ពុជាទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ​ស៊ីណូវ៉ាក់ ដែលកម្ពុជាបានបញ្ជាទិញពីចិន ចំនួន១លានដូសបន្ថែមទៀត។

ក្រៅពីការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀតនេះ ភាគីចិនក៏បាននាំមកនូវជាមួយនឹងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនតេស្ត ដែលជាជំនួយឥតសំណង ជូនដល់ប្រទេសកម្ពុជាផងដែរ។

គួរកត់សម្គាល់ថា គិតត្រឹមថ្ងៃទី៣១ កក្កដា ភាគីចិនបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមកដល់ភាគីកម្ពុជា ចំនួន១៧.៧លានដូសហើយ ក្នុងនោះ ២.២លានដូស គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន។

លោកជំទាវ យក់ សម្បត្តិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា វ៉ាក់សាំង១លានដូសនេះគឺជាការបញ្ជាទិញពីភាគីចិន ហើយវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់នេះនឹងបញ្ជូនមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀត ដើម្បីត្រៀមចាក់ជូនកុមារនិងយុវវ័យ មានអាយុ ចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមវ័យទាំងនេះ នាថ្ងៃទី១ សីហា ២០២១។

គួរបញ្ជាក់ថា កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេសសរុប ជាង៧.២លាននាក់ហើយ។ បើធៀបនឹងគោលដៅ១០លាននាក់នោះ គឺចាក់បានចំនួន៧២.៣៣ភាគរយហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close