អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច​​​ស្លាប​​​ខាង​​​ជើង​​​ប្រវែង​​​៤០​​​ម៉ែត្រ និង​​​បន្ត​​​ធ្វើ​​​២០​​​ម៉ែត្រ​​​ទៀត

សៀមរាប ៖ ច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងលិច ស្លាបខាងជើងប្រវែង៤០ម៉ែត្រ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរារួចរាល់ជាស្ថាពរកាលពីចុងឆ្នាំ២០១៧ និងកំពុងបន្តជួសជុលប្រវែង២០ម៉ែត្របន្ថែមទៀត នៅក្នុងឆ្នាំ២០១៨។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹង​​​ថា ច្រាំង​​​កសិន្ធុ​​​ប្រវែង៤០ម៉ែត្រដែលជួសជុលរួច គឺចំណាយរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ដល់២០១៧។ ក្នុងចំណោម​​​៤០​​​ម៉ែត្រ​​​នេះ​​​ដែរ គឺ​​​មាន​​​ប្រវែង២០ម៉ែត្រដំបូងធ្លាប់បានជួសជុលម្តងហើយដោយបារាំងនាទស្សវត្សទី៦០ ដែលដឹងបានតាមរយៈការមើលឃើញ​​​ដោយ​​​ផ្ទាល់ និង​​​កាន់​​​តែ​​​ច្បាស់​​​ពេល​​​បើក​​​រណ្តៅ​​​កំ​​​ណាយស្រាវជ្រាវមុនធ្វើការជួសជុល។ ក្រោយការបញ្ចប់គម្រោង​​​៤០ម៉ែត្រដោយជោគជ័យ ក្រុម​​​ការ​​​ងារ​​​ក៏​​​បាន​​​បន្​​​តគម្រោង​​​ជួសជុល២០ម៉ែត្របន្ថែមនៅឆ្នាំ២០១៨។

លោកស្រីបន្តទៀតថា ចំពោះបច្ចេកទេសជួសជុល បន្ទាប់ពីកំណាយស្រាវជ្រាវយើងដឹងថា ចាស់បុរាណកសាងច្រាំងកសិន្ធុដោយ​​​ដី​​​បុក​​​បង្ហាប់​​​បាត​​​គ្រឹះ​​​ក្រោម ដូច្នេះដើម្បីរក្សាតម្លៃនៃបេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរាបានជ្រើសយកបច្ចេកទេសបុរាណមកអនុវត្ត ដោយ​​​កាយ​​​យក​​​ដី​​​ចាស់ ដី​​​ស្អុយ​​​ចេញ ហើយជំនួសដោយដីថ្មី ហើយបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ថ្មក្រលៀន ដីខ្សាច់ និងល្បាយដី​​​ដែល​​​បាន​​​ពី​​​កម្ទេច​​​ថ្ម​​​បាយ​​​ក្រៀម ដី​​​ឥដ្ឋ កំបោរ​​​ស។ ចំពោះគ្រឹះ យើងពង្រីកទំហំគ្រឹះចាស់៨០សង់ទីម៉ែត្រទៅ១២០សង់ទីម៉ែត្រ ហើយ​​​ជម្រៅ​​​គ្រឹះ​​​ទៅ​​​ក្រោម​​​៣០​​​សង់​​​ទីម៉ែត្​​​រទៅ​​​៨០​​​សង់ទីម៉ែត្រ ធ្វើយ៉ាងណាឱ្យកាំកសិន្ធុរឹងមាំបានល្អ។

ក្រៅពីពង្រឹងគ្រឹះហើយ យើងក៏ពង្រឹងរចនាសម្ពន្ធច្រាំងកសិន្ធុដោយប្រើថ្មបាយក្រៀមចាស់ដែលមានស្រាប់និងថ្មបាយក្រៀមថ្មីជំនួសថ្ម​​​ដែល​​​ពុក​​​ផុយ​​​មក​​​រៀប​​​ជា​​​ជណ្តើរចំនួន៨កាំ ដោយដាក់ឆ្លាស់គ្នា និងដាប់ចុះក្រោម១សង់ទីម៉ែត្រសម្រាប់ប្រទាក់គ្នាពីមួយទៅមួយក្នុងការ​​​រក្សា​​​លំ​​​នឹង​​​ឱ្យ​​​បាន​​​ល្អ​​​មិនឱ្យថ្មរអិល ហើយបិទភ្ជាប់ថ្មពីមួយទៅមួយដោយបាយអររាវ ដើម្បីការពារជម្រាបទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ពុកផុយ។ រីឯ​​​ថ្ម​​​ភក់​​​ដែល​​​រៀប​​​នៅ​​​ផ្នែក​​​ខាង​​​លើ​​​ថ្មបាយក្រៀមក៏រៀបទៅតាមលំនាំដើម ដោយប្រើថ្មដែលមានស្រាប់និងថ្មីជំនួសថ្មីដែលមិនអាចទ្រទម្ងន់​​​បាន​​​ទៀត ហើយ​​​បិទ​​​ភ្ជាប់​​​ថ្ម​​​ដោយ​​​បាយអរ​​​ម្សៅ ដើម្បីផ្ជឹតស្នាមមិនឱ្យទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ខូច។

លោកស្រី បូរ៉ាវី ក៏បានបញ្ជាក់ដែរពីមូលហេតុសំខាន់ៗដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កសិន្ធុអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងរងនូវការ​​​ខូច​​​ខាត​​​យ៉ាង​​​ខ្លាំង គឺដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំជាប្រចាំ ការឡើងចុះនៃកម្ពស់ទឹកមិនទៀងទាត់បានបំផ្លាញគ្រឹះក្រោម រួម​​​ទាំង​​​ការ​​​ពុក​​​ផុយ​​​នៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ដើមឈើធំៗដុះក្បែរច្រាំងបានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើម នាំឱ្យច្រាំងកសិន្ធុរលំ។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្សនិងជួសជុលទាំងប្រាសាទនិងកសិន្ធុ ដើម្បីអភិរក្សសំណង់បុរាណ​​​ដែល​​​ជានិមិត្តរូបនៃជាតិខ្មែរឱ្យរឹងមាំយូរអង្វែងនិងលើកតម្លៃសោភ័ណភាពសំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ទាញ​​​ទេសចរ។ បន្ថែមពីនោះ ការបណ្តុះធនធានមនុស្ស ក៏ជាផ្នែកសំខាន់ដែលអាជ្ញាធរជាតិអប្សរាគិតគូរយ៉ាងខ្លាំង ដើម្បីបង្កើនស្នាដៃក្នុង​​​នាម​​​ជា​​​របស់​​​ខ្លួន ដោយមិនពឹងលើកិច្ចសហប្រតិបត្តិការអន្តរជាតិច្រើនដូចមុន៕

ប្រភព ៖ អាជ្ញាធរជាតិ អប្សរា

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close